មន្រ្តីជាន់ខ្ពស់ ADB ប្រាប់រដ្ឋមន្រ្តីធនធានទឹកថា ខ្លួនឈរយ៉ាងរឹងមាំជាមួយកម្ពុជា ក្នុងកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរ ក្នុងការកសាងផែនការរយៈពេលវែង និងរយៈពេលមធ្យមសំរាប់ អភិវឌ្ឍន៍វិស័យធនធានទឹក

(ភ្នំពេញ)៖ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម នាថ្ងៃពុធ ១រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីស្តីការក្រសួង បានអនុញ្ញាតឲ្យគណៈប្រតិភូគណៈកម្មាធិការនាយក នៃក្រុមប្រឹក្សាភិបាលធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានចូលជួបសំដែងការគួរសម និងធ្វើការជម្រាបជូនរដ្ឋមន្រ្តីនូវការពង្រឹងកិច្ច សហប្រតិបត្តិការខ្ពស់ឡើង ក្នុងយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយលើការអភិវឌ្ឍវិស័យធនធានទឹកក្នុងប្រទេសកម្ពុជា។

គណៈប្រតិភូ ADB ខាងលើដឹកនាំដោយលោក Shivaji Kshatrapati ប្រធានគណៈកម្មាធិការនាយក និងអមដោយលោក In-Chang Song, លោក Kris Panday, លោក Philip T. Rose, លោក Mario Di Maio, លោក Scott Dawson, លោក Paul Dominguez, លោក Jin Lu និងលោកស្រី Sunniya Durrani-Jamal ប្រធានស្ថានតំណាង ADB ប្រចាំប្រទេសកម្ពុជា ព្រមទាំងមន្រ្តីជាន់ខ្ពស់របស់ ADB ជាច្រើនរូបទៀត។

ក្នុងពេលជំនួបនោះ ប្រធានគណៈប្រតិភូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរបស់រដ្ឋមន្រ្តី លើការអភិវឌ្ឍ នៃវិស័យធនធានទឹក ដោយរូបលោកផ្ទាល់ បានទៅធ្វើទស្សនកិច្ចផ្ទាល់នៅទីតាំងគម្រោងប្រព័ន្ធធារាសាស្រ្តតាំងក្រសាំង ស្ថិតក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ ចំនួន០២ដង និងសូមវាយតំលៃខ្ពស់ចំពោះ រដ្ឋមន្រ្តីដែលបានយកចិត្តទុកដាក់អស់ ពីកម្លាំងកាយចិត្ត ធ្វើការសហការបានល្អប្រសើរជាមួយ ADB ដោយបានធ្វើឲ្យគម្រោងនេះ និងវិស័យធនធានទឹកទាំងមូល ទទួលបានជោគជ័យប្រកបដោយប្រសិទ្ធភាពខ្ពស់។

ជាការឆ្លើយតប រដ្ឋមន្រ្តីបានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ជាប្រចាំរបស់ ADB លើការអភិវឌ្ឍវិស័យធនធានទឹកទាំងផ្នែករឹង និងផ្នែកទន់។ រាល់គ្រប់ជំនួយសហប្រតិបត្តិការពី ADB លើវិស័យធនធានទឹក គឺបានឆ្លើយតបប្រកបដោយប្រសិទ្ធភាព និងបានទាន់ពេលវេលា ជាពិសេសបានរួមចំណែកយ៉ាងច្រើនជាអតិបរមាក្នុងផែនការវិនិយោគលើវិស័យធនធានទឹកក្នុងពេលកន្លងមក ធ្វើឲ្យផ្ទៃដីស្រោចស្រពកើនឡើងច្រើន ធ្វើឲ្យការដាំស្រូវនិងដំណាំផ្សេងទៀតបានប្រព្រឹត្តទៅបានច្រើនដងក្នុង១ឆ្នាំ ដែលជាហេតុធ្វើឲ្យសេដ្ឋកិច្ចប្រទេសកម្ពុជាមានការរីកចម្រើនប្រសើរឡើង។

ម្យ៉ាងទៀត ក្នុងពេលបច្ចុប្បន្ននេះ ដែលពិភពលោកទាំងមូលកំពុងជួបប្រទះនឹងសភាពឡើងកំដៅផែនដីកាន់តែខ្លាំង ក្រោមបាតុភូត Elnio និងការបំរែបំរួលអាកាសធាតុជាអតិបរមាឥតស្រាកស្រាន្ត ADB កំពុងតែឈរយ៉ាងរឹងមាំជាមួយ ក្នុងកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរ ក្នុងការកសាងផែនការរយៈពេលវែង និងរយៈពេលមធ្យមសំរាប់អភិវឌ្ឍន៍វិស័យធនធានទឹក នៃព្រះរាជាណាចក្រកម្ពុជា ក្នុងលក្ខណៈគ្រប់ជ្រុងជ្រោយ មានប្រសិទ្ធភាពខ្ពស់និងធានាបាននូវនិរន្តភាព។

ជាពិសេសកាលពីសប្តាហ៍មុននេះ មុនប្រធានគណៈប្រតិភូ និងសហការីអញ្ជើញមកដល់រដ្ឋមន្រ្តី និងលោកស្រី Sunniya បានដឹកនាំអង្គប្រជុំថ្នាក់រដ្ឋមន្រ្តីដើម្បី ឆ្លងផែនការរយៈពេលវែងលើការគ្រប់គ្រង ប្រព័ន្ធធារាសាស្រ្ត និងវិស័យធនធានទឹករបស់ប្រទេសកម្ពុជាប្រកបដោយលទ្ធផលជាផ្លែផ្កា។

ក្នុងជំនួបពិភាក្សានេះ រដ្ឋមន្រ្តីក៏បានថ្លែងអំណរគុណចំពោះ ប្រធានគណៈប្រតិភូ ADB និងសហការីទាំងអស់ ដែលបានឆ្លៀតពេលអញ្ជើញចុះពិនិត្យ និងសិក្សាស្វែងយល់ដោយផ្ទាល់នៅទីតាំង ប្រព័ន្ធធារាសាស្រ្តតាំងក្រសាំង កាលពីថ្ងៃទី១៨ ខែកុម្ភៈ កន្លងទៅនេះ។

រដ្ឋមន្រ្តីបានប្រសិទ្ធពរជ័យ ជូនប្រធានគណៈប្រតិភូ ADB និងសហការី អោយទទួលបានជោគជ័យក្នុងបេសកកម្មនៅប្រទេសកម្ពុជា និងធ្វើដំណើរត្រលប់ទៅកាន់ ADB HQ វិញប្រកបដោយសុខសុវត្ថិភាព៕

























Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម