គីម ជុងអ៊ុន ក្លែងក្លាយត្រូវបណ្តេញចេញពីវៀតណាម មុនការមកដល់នៃលោក គីម មែនទែន ដែលកំពុងធ្វើដំណើរ​លើ​រថភ្លើង​កាត់​តាមប្រទេសចិន

(ហាណូយ)៖ បុរសដែលតុបតែងខ្លួនជាមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានឲ្យដឹងនាថ្ងៃចន្ទនេះថា រូបលោកត្រូវ​​​បាន​​អាជ្ញាធរវៀតណាមបណ្តេញចេញពីប្រទេសអាស៊ាននេះហើយ មុន​ការមកដល់របស់លោក គីម ដែលនឹងត្រូវបើកជំនួបកំពូល​ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩។

បុរសខាងលើមានឈ្មោះថា Howard X ដែលមានដើមកំណើតមកពីទីក្រុងហុងកុង និងមានអាជីពជាអ្នកកំប្លែង​អូស្រ្តាលី បាន​បង្ហាញខ្លួននៅក្នុងរដ្ឋធានីហាណូយនៃប្រទេសវៀតណាម កាលពីថ្ងៃសុក្រសប្តាហ៍មុន ជាមួយដៃគូរបស់លោកម្នាក់ទៀត ដែល​បានតែងខ្លួនដូចជា​លោក ដូណាល់ ត្រាំ ហើយអ្នកទាំងពីរបានបង្កភាពទាក់ទាញជាខ្លាំង។ ការបង្ហាញខ្លួនរបស់បុរសទាំងពីរ​នាក់នេះ កើតមានឡើង ស្របពេលដែលមេដឹកនាំពិតប្រាកដរបស់​អាមេរិកនិងកូរ៉េខាងជើង ត្រូវជួបមុខគ្នាជាថ្មីម្តងទៀតនៅ​​ក្រុង​​ហាណូយ នា​ថ្ងៃពុធនិងព្រហស្បតិ៍សប្តាហ៍នេះ ដើម្បីបន្តពិភាក្សាពីបញ្ហាអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ។

គួរជម្រាបថា លោក Howard X ក៏ធ្លាប់បានទៅសិង្ហបុរីកាលពីខែមិថុនា ឆ្នាំមុនដែរ នៅពេលលោក ត្រាំ និង លោក គីម បាន​​បើកកិច្ចប្រជុំកំពូលលើកទីមួយ។ រីឯក្នុងព្រឹត្តិការណ៍អូឡាំពិករដូវរងា​ឆ្នាំ២០១៨ នៅកូរ៉េខាងត្បូង ​​ដែល​កូរ៉េខាងជើង​បានបញ្ជូន​ប្រតិភូ​របស់​ខ្លួន​ឲ្យ​មកចូលរួមនោះ ក៏មានមុខរបស់លោក Howard X ដូចគ្នា។

ដោយឡែក ខណៈនេះ លោក គីម ជុងអ៊ុន មែនទែន កំពុងតែធ្វើដំណើរតាមរថភ្លើងកាត់ប្រទេសចិន ដើម្បី​ឆ្ពោះ​មកកាន់​ក្រុង​ហាណូយ បន្ទាប់ពីលោកបានចាកចេញពីរដ្ឋធានីព្យុងយ៉ាង កាលពីល្ងាចថ្ងៃសៅរ៍​សប្តាហ៍មុន ខណៈលោក ត្រាំ នឹងត្រូវ​ឡើង​យន្តហោះចេញមកនៅថ្ងៃចន្ទសប្តាហ៍នេះ៕







Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម