នាយកខុទ្ទកាល័យ លោក កឹម សុខា ប្រតិកម្មខឹងសម្បានឹងបក្ខពួក លោក សម រង្ស៉ី ដែលបន្តចាក់ដោតបញ្ឆេះកំហឹងមិនឲ្យដោះលែង លោក កឹម សុខា

(ភ្នំពេញ)៖ លោក មុត ចន្ថា នាយកខុទ្ទកាល័យរបស់ លោក កឹម សុខា អតីតប្រធាន នៃអតីតគណបក្សសង្រ្គោះជាតិ បានចេញសារវាយប្រហារចំពោះ លោក សោ ចាន់ដេត អតីតតំណាងរាស្រ្ត នៃអតីតគណបក្សសង្រ្គោះជាតិ ដែលជាបក្ខពួករបស់លោក សម រង្ស៉ី ចំពោះការបន្តចេញសារនយោបាយចាក់ដោត បញ្ឆេះកំហឹង មិនឲ្យមានការដោះលែង លោក កឹម សុខា។

សាររបស់នាយកខុទ្ទកាល័យរបស់ លោក កឹម សុខា បានធ្វើឡើងបន្ទាប់ពី លោក សោ ចាន់ដេត បានផ្សព្វផ្សាយនៅលើបណ្តាញសង្គម Facebook កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយញុះញង់បង្កប់យុទ្ធសាស្រ្ត ឱ្យលោក កឹម សុខា បន្តជាប់ពន្ធនាគារ។

លោក សោ ចាន់ដេត បានលើកឡើងថា៖ «​ពីថ្ងៃ​នេះ​រហូត​ថ្ងៃ​ដោះលែង​ លោក​ កឹម​ សុខា​ ជាស្ថាពរ​ នាពេល​ដ៏ឆាប់ៗ​ខាងមុខ​នេះ​ច្បាស់​ជា​ "សុខភាព​"​ លោក​ ហ៊ុន​ សែន​ ស្តារលែងឡេីងហេីយ​ ដោយ​គាត់​ភ័យ​ខ្លាច​លោក​ កឹម​ សុខា​ ចេញ​មក​ "ជួប​"​ លោក​ប្រធាន​ សម​ រង្ស៉ី នៅ​ក្រៅ​ប្រទេស​ ដើម្បីរៀបចំដំណើរ​ "មាតុភូមិ​និវត្តន៍​"​ របស់​លោកប្រធាន​ សម​ រង្ស៉ី ចូល​ស្រុក​វិញ​ ដែល​បង្កើត​បាន​ជា​ "ព្រឹត្តិការណ៍​"​ ប្តូរ​លោក​ ហ៊ុន​ សែន​ តែម្ដង»​។

លោក មុត ចន្ថា បានលើកឡើងថា លោកសោ ចាន់ដេត មានចេតនាចាក់ដោតបញ្ឆេះកំហឹងមិនឲ្យដោះលែង លោក កឹម សុខា។ លោកបន្តថា ការអត្ថាធិប្បាយដែលលោក សោ ចាន់ដេត ធ្វើឱ្យលោកយល់យ៉ាងច្បាស់ថាគាត់មានចេតនាចាក់ដោត ញុះញង់ និងបញ្ឆេះឲ្យមានកំហឹង ដើម្បីបន្ទុចបង្អាក់ ឬរារាំងដល់ការដោះលែង ឯកឧត្តម កឹម សុខា។

លោក មុត ចន្ថា បានបន្តថា «យើងមិនអាចទទួលយកពាក្យសំដីចាក់ដោត និងញុះញង់របស់លោក សោ ចានដេត បានឡើយ ជាពិសេស នូវអ្វីដែលពាក់ព័ន្ធ និងប៉ះពាល់ដល់ ឯកឧត្តម កឹម សុខា។ ឯកឧត្តម កឹម សុខា បានរងគ្រោះម្តងរួចមកហើយ នៅពេលដែលគេយកសេរីភាពរបស់គាត់មកធ្វើជាឧបករណ៍សម្រាប់ជាល្បែងភ្នាល់ ព្រោះវាជារឿងមិនសមរម្យដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរបុគ្គល ហើយក៏អាចប៉ះពាល់ដល់ដំណើរការនីតិវិធីច្បាប់ និងតុលាការជាយកថាហេតុផងដែរ ទោះបីមានគេព្យាយាមបកស្រាយយកត្រូវតាមមហិច្ឆិតារបស់គេ យ៉ាងណាក៏ដោយ»។

​លោក​ ​កឹម សុខា​ ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន កាលពីរំលងអាធ្រាត្រឈានចូលថ្ងៃទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧ កន្លងទៅ ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើ ​«ក្បត់​ជាតិ»​។ លោកត្រូវបានតុលាការ​បញ្ជូន​ទៅ​ឃុំ​ក្នុង​ពន្ធនាគារ​ត្រពាំងផ្លុង ​ខេត្ត​ត្បូងឃ្មុំ ក្រោមការចោទ​ប្រកាន់​ពីបទសន្ទិដ្ឋិភាព​ជាមួយ​បរទេស តាម​មាត្រា ៤៤៣នៃ​ក្រម​ព្រហ្មទណ្ឌ បន្ទាប់ពីមានវីដេអូមួយដែលបង្ហាញថា លោកបានសារភាពអំពីអនុវត្តតាមការបង្គាប់របស់សហរដ្ឋអាមេរិក ដើម្បីផ្លាស់ប្តូរប្រទេសកម្ពុជា តាមបែបប្រទេសយូហ្គោស្លាវី និងស៊ែបប៊ី។

កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ លោក កឹម សុខា ត្រូវបានតុលាការសម្រេចដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ប៉ុន្តែដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ៕



Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម