គណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ផ្សព្វផ្សាយស្តីពី «ការប្រឡងប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាតលើកទី២ ឆ្នាំ ២០១៩»

(ព្រះសីហនុ)៖ គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០១៩ បានរៀបចំសិក្ខាសាលាមួយ ផ្សព្វផ្សាយស្តីពី «ការប្រឡងប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាតលើកទី២ ឆ្នាំ ២០១៩» និងបើកវគ្គបណ្តុះបណ្តាលស្តីពី «ការរៀបចំផែនការសកម្មភាពសម្រាប់ការគ្រប់គ្រង និងកែលម្អរមណីយដ្ឋានឆ្នេរខ្សាច់» នៅសាលាខេត្តព្រះសីហនុ។

សិក្ខាសាលានេះ បានធ្វើឡើងក្រោមអធិបតីភាព លោក នី ផល្លី អគ្គលេខាធិការរង គ.អ.ឆ.ក. និងជាប្រធានក្រុមការងារទទួលបន្ទុកតាមដាន និងវាយតម្លៃឆ្នេរខ្សាច់កម្សាន្តស្អាត និង លោក ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុ ដោយមានការចូលរួមពី មន្ទីរអង្គភាពជំនាញពាក់ព័ន្ធ ក្រុមការងារគ្រប់គ្រងឆ្នេរ និងប្រតិបត្តិករទេសចរណ៍។

សិក្ខាសាលា បានប្រព្រឹត្តទៅដោយរលូន ដោយបានធ្វើការផ្សព្វផ្សាយ នូវចលនាប្រឡងប្រណាំងឆ្នេរខ្សាច់កម្សាន្ដស្អាតលើកទី២ ឆ្នាំ២០១៩ ដែលជាយន្តការអចិន្រ្តៃយ៍ដ៏មានប្រសិទ្ធភាពក្នុងការបន្តជំរុញលើកទឹកចិត្ដដល់ រដ្ឋបាលខេត្តតំបន់ឆ្នេរ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ភាគីពាក់ព័ន្ធ និងក្រុមការងារគ្រប់គ្រងឆ្នេរ ក្នុងការបង្កើនសកម្មភាពគ្រប់គ្រងកែលម្អរឆ្នេរខ្សាច់តាមមូលដ្ឋានរៀងៗខ្លួនប្រកបដោយប្រសិទ្ធិភាព និងនិរន្តរភាព ដោយមានការចូលរួមទទួលខុសត្រូវគ្រប់ជ្រុងជ្រោយ ដើម្បីធានាបានថាឆ្នេរខ្សាច់គឺជាគោលដៅទេសចរណ៍ដ៏មានភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិនិងអន្ដរជាតិក្នុ្ងងការសម្រាកលំហែកម្សាន្ត។

សម្រាប់ការចូលរួមប្រឡងប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាតលើកទី២នេះ អគ្គលេខាធិការរងបានជំរុញដល់រដ្ឋបាលខេត្តព្រះសីហនុ រៀបចំស្នើឆ្នេរបេក្ខភាពថ្មីៗអោយបានច្រើន ពិសេសឆ្នេរនៅតំបន់ដីកោះ និងតំបន់ឆ្ងាយៗ។

លើសពីនោះ អង្គសិក្ខាសាលាបានទទួលមតិយោបល់ និងធាតុចូលសំខាន់ៗបន្ថែមទៀត សម្រាប់ការអនុវត្ត ផែនការសកម្មភាពសម្រាប់ការគ្រប់គ្រង និងកែលម្អរមណីយដ្ឋានឆ្នេរអូរឈើទាល I ឆ្នាំ២០១៩-២០២០ ដើម្បីឆ្ពោះទៅរៀបចំឆ្នេរស្អាតជាក់ស្តែង ក្នុងគោលបំណងបង្ហាញជាគំរូសម្រាប់ការអភិវឌ្ឍឆ្នេរដទៃទៀត។

គួរបញ្ជាក់ថា ក្នុងឆ្នាំ២០១៨កន្លងទៅនេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ៦,២ លាននាក់កើនឡើង ១១% ធៀបនឹងឆ្នាំ២០១៧ ក្នុងនោះតំបន់ឆ្នេរសមុទ្រកម្ពុជាសម្រេចបានកំណើនទេសចរណ៍ ១៨,៦% ដោយទទួលបានភ្ញៀវទេសចរអន្តរជាតិ ចំនួន៨៨ ម៉ឺននាក់។ ដោយឡែកខេត្តព្រះសីហនុ ទទួលទេសចរបានចំនួន 2 លាននាក់ កើនឡើង ២,៦% ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន ១,៤៦ លាននាក់ ថយចុះ ៣,៨៤% និងភ្ញៀវទេសចរអន្តរជាតិមានចំនួន ៥៨ ម៉ឺននាក់ កើនឡើង ២៤%៕

















Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម