ស្ត្រីទីបួនមកពីបក្ស​ប្រជាធិបតេយ្យ​ «ប្រកាស​ឈរឈ្មោះ​ជាបេក្ខជន​ប្រធានាធិបតី​អាមេរិក» សម្រាប់​ការបោះឆ្នោត​ឆ្នាំ២០២០!

(វ៉ាស៊ីនតោន)៖ ព្រឹទ្ធសមាជិកមួយរូប​គឺលោកស្រី អាម៉ាយ ក្លូប៊ូចារ (Amy Klobuchar) ដែលត្រូវ​ជាមន្ត្រី​សំខាន់មួយរូប នៃគណបក្សប្រជាធិបតេយ្យផងដែរនោះ​បានប្រកាសថា លោកស្រីនឹងឈរ​ឈ្មោះជាបេក្ខជនប្រធានាធិបតីអាមេរិក តំណាងឲ្យ​រដ្ឋមីនណេសូតា (Minnesota) ដើម្បីចូលរួមប្រកួត​ប្រជែងក្នុង​ការបោះឆ្នោត នៅឆ្នាំ២០២០ខាងមុខ។ នេះបើតាម​ការ​​ចេញផ្សាយ​ដោយ​​សារព័ត៌មាន​ចិន ស៊ីនហួរ នារសៀល​ថ្ងៃចន្ទ ទី១១ ខែកុម្ភៈ ឆ្នាំ២០១៩។

ការប្រកាស​របស់​លោកស្រី Amy Klobuchar ត្រូវបានធ្វើឡើង​​នៅក្នុងកំឡុង​នៃកិច្ច​អត្ថាធិប្បាយមួយ​របស់ខ្លួន នៅក្នុងទីក្រុងមីននាផូលីស (Minneaoplis) នៃរដ្ឋ Minnesota នៅចំពោះមុខ​បណ្តាអ្នកគាំទ្រ ដែលឈរគាំទ្រលោកស្រីក្រោមស្ថានភាពធ្លាក់​ព្រិល​។ លោកស្រី Amy Klobuchar ត្រូវបានគេ​មើលឃើញថា បានជាប់ជាសមាជិកព្រឹទ្ធសភា​ក្នុងអាណត្តិទី ៣ ​យ៉ាងងាយស្រួល ព្រោះតែប្រជាប្រិយភាព​របស់លោកស្រី។

នាងឱកាសនោះ​លោក Klobuchar បានសង្កត់ធ្ងន់​យ៉ាងដូច្នេះថា «ប្រទេសជាតិ​​របស់​យើង​មិនត្រូវស្ថិត​ក្រោមការដឹកនាំដោយ​ភាពកោលាហលនោះឡើយ ប៉ុន្តែគឺ​ដោយឱកាស... ហើយក៏មិនមែន​ដោយការរិះគន់ ឬថ្កោលទោស​​ទៅលើអ្វីដែល​ខុសនោះដែរ ប៉ុន្តែដោយ​ការដើរទៅលើផ្លូវ​ដែលត្រឹមត្រូវ​មិនចេះងាករេ...»។

គួរបញ្ជាក់ថា លោកស្រី Amy Klobuchar​ វ័យ ៥៨ឆ្នាំ គឺជាស្ត្រីទីបួន និងជា​ព្រឹទ្ធសមាជិក​ទីប្រាំផងដែរ ដែលបានប្រកាសខ្លួន​ធ្វើជាបេក្ខជន​ប្រធានាធិបតី។ សមាជិក​ជួរមុខ​នៃបក្ស​ប្រជាធិបតេយ្យរូបនេះ ក៏បាន​អះអាងផងដែរ​អំពីសមត្ថភាព​របស់ខ្លួន ក្នុងការ​ចរចា​ជាមួយ​មន្ត្រីបក្សសាធារណរដ្ឋ​ ក្នុងករណីមាន​ការជាប់គាំង​នានា ដូចជាការ​ជាប់គាំងរដ្ឋាភិបាល​​ជាដើម ខណៈបញ្ហា​សុខមាលភាព​សង្គម គឺជាប្រធានបទធំ​ជាងគេរបស់​លោកស្រី៕















Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម