កម្ពុជា-មីយ៉ាន់ម៉ា ពិភាក្សាពីការបង្កើតជើងហោះហើរត្រង់ ដើម្បីបង្កើនភ្ញៀវទេសចរ

(ភ្នំពេញ)៖ តាមការអញ្ជើញរបស់លោក ច ទីន រដ្ឋមន្ត្រីក្រសួងសហប្រតិបត្តិការអន្តរជាតិ នៃសាធារណរដ្ឋ សហភាពមីយ៉ាន់ម៉ា, ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានដឹកនាំគណៈប្រតិភូ ចូលរួមធ្វើជាសហប្រធាន កិច្ចប្រជុំគណៈកម្មការចម្រុះ ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-មីយ៉ាន់ម៉ា (JCBC) លើកទី២ ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី៣១ ខែមករា ដល់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅរដ្ឋធានីណៃពិដោ ប្រទេសមីយ៉ាន់ម៉ា។

ក្នុងកិច្ចប្រជុំនោះ កម្ពុជា និងមីយ៉ាន់ម៉ា បានពិភាក្សាពីគ្នាអំពីការបង្កើតជើងហោះហើរត្រង់ រវាងប្រទសទាំងពីរ ដើម្បីបង្កើនភ្ញៀវទេសចរណ៍ឲ្យបានកាន់តែច្រើន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ​និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។

យោងតាមសេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ កម្ពុជា-មីយ៉ាន់ម៉ា បានឯកភាពគ្នា ជំរុញយុទ្ធនាការ "អង្គរ-បាហ្គាន ឬទីក្រុងបុរាណពីរគោលដៅតែមួយ"។ ភាគីទាំងពីរក៏បានពិភាក្សាផងដែរអំពី លទ្ធភាពនៃការបង្កើតជើងហោះហើរត្រង់ តភ្ជាប់ខេត្តសៀមរាប និងបាហ្គាន ដើម្បីបង្កើនចំនួនភ្ញៀវទេសចរ មកទស្សនាប្រទេសទាំងពីរ ក៏ដូចជាពង្រឹងការប្រាស្រ័យទាក់ទងគ្នា រវាងប្រជាជន និងប្រជាជន»។

ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ អង្គប្រជុំបានឯកភាព ពន្លឿនការអនុវត្តកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ឆ្នាំ២០១៧-២០២១ ដើម្បីកសាងសមត្ថភាពយុវជន និងស្វ័យអភិវឌ្ឍន៍។ ក្នុងកិច្ចសហប្រតិបត្តិការលើវិស័យសាសនា ភាគីទាំងពីរ ក៏បានឯកភាពពិចារណា ចុះហត្ថលេខាលើអនុស្សារណៈ នៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការ រវាងប្រទេសកាន់ព្រះពុទ្ធសាសនាទាំងពីរនេះ។

បើតាមសេចក្តីប្រកាសព័ត៌មានដដែល ដោយកត់សម្គាល់ឃើញកំណើន នៃទំហំពាណិជ្ជកម្មទ្វេភាគី នៅឆ្នាំ២០១៨ភាគីទាំងពីរបានឯកភាពពិភាក្សា អំពីលទ្ធភាពបង្កើតកិច្ចព្រមព្រៀងទ្វេភាគីថ្មី ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពន្លឿនការចរចា លើកិច្ចព្រមព្រៀងស្តីពី ការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធ ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូលផងដែរ៕



Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម