លោក កែវ រ៉េមី៖ អាមេរិកតាំងខ្លួនជាបិតាលទ្ធិប្រជាធិបតេយ្យ ប៉ុន្តែនៅតែរើសអើងជាតិសាសន៍ និងពណ៌សម្បុរ

(ភ្នំពេញ)៖ ថ្លែងក្នុងសន្និសីទសារព័ត៌មាន នាយប់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រោយត្រឡប់ពីចូលរួមកិច្ចប្រជុំស្តីពី ពិនិត្យជាសកលតាមកាលកំណត់ UPR ជុំទី៣សម្រាប់កម្ពុជា នៅទីក្រុងហ្ស៊ឺណែវ ប្រទេសស្វីស លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់ថា សហរដ្ឋអាមេរិក ដែលជាមហាអំណាចនៅលើពិភពលោក និងអះអាងថាខ្លួនជាអ្នកគោរពសិទ្ធិមនុស្ស គោរពលទ្ធិប្រជាធិបតេយ្យ ប៉ុន្តែនៅតែរើសអើងជាតិសាសន៍ និងពណ៌សម្បុរ ព្រមទាំងដាក់បម្រាមជាតិសាសន៍ដទៃមិនឱ្យចូលប្រទេសរបស់ខ្លួនជាដើម។

លោក កែវ រ៉េមី បានបន្ថែមទៀតថា រឿងគោរពសិទ្ធិមនុស្សមិនមានប្រទេសណាដែលគោរពសិទ្ធិមនុស្សល្អឥតខ្ចោះនោះទេ គឺនិយាយឱ្យច្បាស់ ហើយកម្ពុជាមិនមែនដែលអួតអាងថា បានអនុវត្តការគោរពសិទ្ធិមនុស្សល្អឥតខ្ចោះដែរ ប៉ុន្តែការគោរពសិទ្ធិមនុស្ស របស់បណ្តាលប្រទេសនីមួយៗ គឺធ្វើឡើងតាមវប្បធម៌ ប្រពៃណី និងទៅតាមស្ថានភាពនៃប្រទេសទាំងអស់ផងដែរ។

មេសិទ្ធិមនុស្សកម្ពុជា បានថ្លែងយ៉ាងដូច្នេះ៖ «សហរដ្ឋអាមេរិក ដូណាល់ ត្រាំ ឡើងភ្លាមគាត់ចាប់ផ្តើមគិតថា ដាក់បម្រាមប្រទេសមួយចំនួន អ៉ីស្លាមមួយចំនួនអត់ឱ្យចូល អាហ្នឹងឬសិទ្ធិមនុស្ស អាហ្នឹងនិយាយការពិតជាមួយគ្នា ហើយខ្លះទៀតគាត់ត្រូវបង្ខំចាប់បញ្ជូនទៅវិញ អាហ្នឹងជាការរំលោភសិទ្ធិមនុស្ស»។

ជាមួយគ្នានេះដែរលោក កែវ រ៉េមី បានបន្តថា ទាំងនេះមិនទាន់និយាយទៅលើការរើសអើងពួកស្បែកស ស្បែកខ្មៅ នៅក្នុងសហរដ្ឋអាមេរិក ដែលជាប្រទេសមហាអំណាចនៅលើពិភពលោក ដែលតែងតែចោទប្រកាន់បណ្តាប្រទេសនានានៅលពិភពលោកថា មិនគោរពសិទ្ធិមនុស្សជាដើម។

លោក កែវ រ៉េមី បានបន្ថែមទៀតថា ទោះបីប្រទេសកម្ពុជា ជាប្រទេសតូចក៏ពិតមែន ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីធ្វើយ៉ាងឱ្យប្រទេសជាកម្ពុជា ជាប្រទេសមួយដែលមានការគោរពសិទ្ធិមនុស្សដ៏គំរូមួយនៅក្នុងតំបន់ និងសកលលោកផងដែរ។ ជាស្តែងបច្ចុប្បន្ននេះ កម្ពុជា មានអង្គការ សមាគមន៍ជាង៦ពាន់ ស្ថាប័ន បើប្រៀបធៀបជាមួយប្រទេសដទៃគឺមានចំនួនច្រើនខ្លាំងណាស់ ទាំងនេះសបញ្ជាក់ឱ្យឃើញកម្ពុជា ជាប្រទេសមួយដែលមានស្ថានភាពគោរពសិទ្ធិមនុស្សល្អផងដែរ៕







Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម