លោក ម៉ាឌូរ៉ូ៖ «ទីប្រឹក្សានានាបានប្រាប់លោក ដូណាល់ ត្រាំ ឲ្យរុញវិបត្តិវេណេស៊ុយអេឡា ទៅរកផ្លូវទាល់ច្រកតែម្តង»
(ការ៉ាកាស់)៖ ប្រធានាធិបតីកំពុងកាន់អំណាចនៅវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បានលើកឡើងថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានទទួលការណែនាំពីទីប្រឹក្សារបស់លោកឲ្យរុញច្រានវិបត្តិវេណេស៊ុយអេឡា ទៅរកផ្លូវទាល់ច្រកតែម្តង ដែលនេះមានន័យថា គឺជាបង្ខំឲ្យរដ្ឋាភិបាលទីក្រុងការ៉ាកាស់ គ្មានច្រកចេញពីវិបត្តិ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩។
ចំពោះមុខអនាគតដ៏ស្រពិចស្រពិល លោក ម៉ាឌូរ៉ូ ដែលកំពុងរងសម្ពាធកាន់តែខ្លាំងឡើងៗពីសំណាក់សហរដ្ឋអាមេរិកនោះ បានលើកឡើងយ៉ាងដូច្នេះថា «ផ្លូវដើរដោយគ្មានច្រកចេញ...។ គ្មានចន្លោះណាមួយសម្រាប់កិច្ចចរចា ការយោគយល់ និងការគោរពគ្នានោះឡើយ នៅក្នុងកិច្ចដោះស្រាយវិបត្តិ...។ ខ្ញុំកំពុងរង់ចាំកិច្ចពិភាក្សាថ្នាក់ជាតិ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោនប្រហែលជាមិនអនុញ្ញាត ឲ្យបក្សប្រឆាំងចូលរួមជាមួយខ្ញុំនោះឡើយ ហើយនេះគឺជាកំហុសធំមួយ...។ ទីប្រឹក្សានានារបស់លោក ត្រាំ ចំពោះវិបត្តិវេណេស៊ុយអេឡា បានផ្តល់យោបល់ឲ្យលោក ត្រាំ សម្លាប់ស្ថានការណ៍នៅវេណេស៊ុយអេឡា...»។
គួរបញ្ជាក់ថា ការលើកឡើងរបស់លោក ម៉ាឌូរ៉ូ ខាងលើនេះក៏ចង់សំដៅផងដែរទៅលើទង្វើរបស់សហរដ្ឋអាមេរិក ដែលកំពុងបង្ខំឲ្យទីក្រុងការ៉ាកាស់ ទទួលយកជំនួយមនុស្សធម៌ តាមរយៈច្រកចូលរវាងព្រំដែនកូឡុំប៊ី និងវេណេស៊ុយអេឡា ខណៈដែលលោកផ្ទាល់បានចោទប្រកាន់ជាច្រើនសាមកហើយថា ជំនួយទាំងនោះគឺជាឈ្នាន់យ៉ាងពិតប្រាកដ ដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តនៅអាមេរិកឡាទីន គ្រោងប្រើប្រាស់ដើម្បីឈ្លានពានប្រទេសវេណេស៊ុយអេឡា៕
Comments