សម្តេចតេជោ ហ៊ុន សែន រិះគន់ក្រុមប្រឆាំង ដែលតែងទម្លាក់កំហុសឱ្យសម្តេច តែពេលរីកចម្រើនមិនបានកោតសរសើរ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានរិះគន់ក្រុមប្រឆាំងមួយចំនួន ដែលតែងតែទម្លាក់កំហុសឱ្យសម្តេច នៅពេលដែលមានបញ្ហាកើតឡើង ប៉ុន្តែនៅពេលដែលប្រទេសរីកចម្រើន ក្រោមការដឹកនាំរបស់សម្តេចពួកគេមិនដែលទទួលយកនោះទេ។

ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩នេះ ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំថ្មី ឆ្នាំ២០១៩ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

នៅក្នុងពិធីនោះ សម្តេចបានលើកឡើងអំពីការប្រែប្រួលរបស់កម្ពុជាពីប្រទេសក្រខ្សត់ មកជាប្រទេសដែលកំពុងមានអភិវឌ្ឍ។ បើគិតពីមហាសេដ្ឋីវិញ បច្ចុប្បន្ននេះ មហាសេដ្ឋីពាន់លាន សេដ្ឋីប្រាក់លាន ក៏មានច្រើនដែរ ហើយបើនិយាយអំពីអ្នកមានទ្រព្យសម្បត្តិខ្ទង់លានវិញមិនតិចនោះទេ ដោយគ្រាន់តែផ្ទះ១កន្លែងនៅទីក្រុងភ្នំពេញនោះ ក៏មានតម្លៃដល់ ១លានដុល្លារដែរ។

ពេលលើកឡើងដល់ចំណុចនេះ សម្តេចបានបញ្ជាក់យ៉ាងដូច្នេះថា៖ «អាហ្នឹង ប្រហែលជាកំហុសខ្ញុំទេ ស្អីក៏គេទម្លាក់មកឱ្យខ្ញុំដែរ ពេលណាដែលរឿងល្អ វាមិនដែលឱ្យខ្ញុំទេ ណែ ! វារកស៊ីបាន វាជិះឡាន ដែលពីដើមវារកតែស្បែកជើងពាក់មិនបានផង ឥឡូវវាជិះឡាន ហើយ Live វីដេអូនៅលើ Facebook ទៀត រួចហើយនិយាយថា កាន់តែក្រទៅៗ។ រឿងអ្វីៗវាទម្លាក់មកឱ្យឯង តែរឿងធ្វើមានធ្វើបាន វាអត់ទម្លាក់មកឱ្យឯងសោះ ពួកនេះខូចពេក»។

ទោះជាយ៉ាងណា សម្តេចបញ្ជាក់ថា ទោះជាស្ថានភាពប្រទេសកម្ពុជា បានប្រែប្រួលទៅជាប្រទេសកំពុងអភិវឌ្ឍ តែបញ្ហាប្រឈមរបស់កម្ពុជា ក៏នៅតែមាននៅឡើយ ជាពិសេសលើវិស័យពាណិជ្ជកម្ម នៅក្រៅប្រទេស ដែលត្រូវប្រកួតប្រជែងជាមួយដៃគូខ្លាំងៗ៕



























Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម