លោក ដូណាល់ ត្រាំ ចង់តែង​តាំង​អតីត​សមាជិក​សភា​ជើងចាស់មួយរូប «ធ្វើជា​អគ្គរដ្ឋទូត​ប្រចាំ​តំបន់​អាស៊ាន» ក្រោយ​ទំនេរតំណែងនេះ​អស់​ជាងពីរឆ្នាំ

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ មានបំណង​នឹងជ្រើសតាំង​លោក ចន លីនដឺ (John Linder) ដែលជាអតីត​​សមា​ជិកសភា​នៃរដ្ឋ ហ្សកហ្ស៊ី (Georgia) សម្រាប់មុខតំណែងជាឯកអគ្គរដ្ឋទូតអាមេរិក​ប្រចាំ សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលត្រូវបានទុកចោល​ឲ្យនៅទំនេរអស់រយៈពេលជាង ០២ឆ្នាំមកហើយ។ នេះបើ​តាមការ​ប្រកាសឲ្យ​​ដឹង​​ពីសេតវិមាន ដកស្រង់ខ្លឹមសារ​ដោយទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃសៅរ៍ ទី០៩ ខែមីនា ឆ្នាំ២០១៩។

​យោងតាម​សេចក្តីថ្លែងការណ៍របស់​សេតវិមាន​អាមេរិក លោក John Linder គឺជាតំណាង​រាស្រ្ត​នៃរដ្ឋ Georgia ដែលបាន​កាន់​​តួនាទី​ក្នុង​សភា​អាមេរិកអស់រយៈ ០៩អាណត្តិ​មកហើយ គឺ​ចាប់តាំងពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០១១។ មន្រ្តីបក្ស​សាធាណរដ្ឋ​ដែល​មានវ័យ ៧៦ឆ្នាំ​រូបនេះ ធ្លាប់ជាសមាជិក​នៃគណៈកម្មាធិការទទួលបន្ទុក​បញ្ហាសន្តិសុខជាតិ​ នៃសភា​តំណាងរាស្រ្ត​អាមេរិក​ជា​ទី​ដែលលោកបាន​​​ធ្វើជាប្រធាន នៃអនុគណៈកម្មាធិការ​ទប់ស្កាត់​ការវាយប្រហារដោយ​​អាវុធនុយក្លេអ៊ែរ​ និងអាវុធ​ជីវសាស្រ្ត។

គួរជម្រាបថា តំណែងជាឯកអគ្គរដ្ឋទូត​នៃសហរដ្ឋអាមេរិកប្រចាំ​អាស៊ាន បាននៅទំនេរចាប់តាំងតែ​ពីខែមករា ឆ្នាំ២០១៧មក​​ម៉្លេះ​ គឺនៅពេលដែល​លោក ដូណាល់ ត្រាំ បានឡើងកាន់អំណាច​ជាប្រធានាធិបតីអាមេរិកទី ៤៥៕



Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម