លោក មហាធៀ៖ «យន្តហោះចម្បាំងម៉ាឡេស៊ីទោះបីចាស់ៗ តែនៅអាចដំណើរការល្អច្រើនឆ្នាំទៀត ដូច្នេះមិនចាំបាច់ទិញថ្មីនោះទេ»

(គូឡាឡាំពួរ)៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក មហាធៀ មូហំាម៉ាត់ (Mahathir Mohamad) បាននិយាយថា ទោះជាបីជាយន្ដហោះចម្បាំងម៉ាឡេស៊ីមានវ័យចំណាស់បន្តិចក៏ពិតមែន តែនៅតែអាចដំណើរការបានយ៉ាងល្អ ហើយអាចប្រើក្នុងរយៈពេលជាច្រើនឆ្នាំទៅមុខទៀត ដោយមិនចាំបាច់ត្រូវទិញយន្ដហោះចម្បាំងថ្មីនោះទេ។ នេះបើតាមការចេញផ្សាយ​ដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០១៩។

លោក មហាធៀ ធ្វើការកត់សម្គាល់បែបនេះ នៅឯពិធីតាំងពិព័រណ៍យន្ដហោះមួយក្នុងស្រុក ឡាំងកាវី (Langkawi) កាលពីថ្ងៃអង្គារសប្ដាហ៍នេះ។ នាឱកាសនោះនាយករដ្ឋមន្ត្រីម៉ាឡេស៊ី​វ័យ ៩៣ឆ្នាំរូបនេះបានគូសបញ្ជាក់យ៉ាងដូច្នេះថា «យន្ដហោះចម្បាំងម៉ាឡេស៊ីត្រូវបានទិញ​អស់រយៈពេលជាយូរមកហើយ​ក៏ដោយ តែវានៅតែអាចដំណើរការបានយ៉ាងល្អ ក្រោមការថែទាំ យ៉ាងយកចិត្តទុកដាក់... ហើយជាការពិតណាស់​ម៉ាឡេស៊ីកំពុងចាប់អារម្មណ៍​ ចង់ទិញយន្ដហោះចម្បាំងថ្មី ប៉ុន្តែមិនមែនពេលនេះទេ»។

គួរបញ្ជាក់ថា កាលពីខែកក្កដា ឆ្នាំ២០១៨ រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី លោក ម៉ូហាំម៉េដ សាប៊ូ (Mohamad Sabu) បានបង្ហើបថា ក្នុងចំណោមយន្ដហោះ ២៨គ្រឿង របស់កងទ័ពអាកាសម៉ាឡេស៊ី​ដែលទិញពីរុស្ស៊ី គឺមានតែ ០៤គ្រឿងប៉ុណ្ណោះ​អាចនៅហោះហើរបាន។ ទោះបីជាបែបនេះក្តី ម៉ាឡេស៊ីមិនទាន់បង្ហើបនោះឡើយថា បើសិនជាខ្លួនត្រូវទិញយន្តហោះចម្បាំងបន្ថែមនោះ នឹងត្រូវទិញពីប្រទេសណា។

ដោយឡែក​មួយរយៈចុងក្រោយនេះគេសង្កេតឃើញថា ព័ត៌មានស្តីពីប្រទេសសិង្ហបុរី ដែលបានបញ្ជាទិញ​យន្តហោះចម្បាំង ​ពីអាមេរិកបន្ថែមជាច្រើនគ្រឿង រួមទាំងនាវាមុជទឹកពីអាល្លឺម៉ង់ផងដែរនោះ បានទទួលការចាប់អារម្មណ៍ខ្លាំង ខណៈប្រទេសដីកោះនៅជាប់ម៉ាឡេស៊ី​បានអះអាងថា ខ្លួនសព្វាវុធទាំងនេះ​គឺយកមកដើម្បី​ទប់ទល់នឹងអំពើភេរវកម្ម និងចោរកម្មតាមផ្ទៃសមុទ្រ៕









Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម