ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន៖ កម្ពុជាមានសក្តានុពលខ្ពស់ ក្នុងការភ្ជាប់យកនូវកាលានុវត្តភាពពីបដិវត្តន៍ឧស្សាហកម្មទី៤ និងសេដ្ឋកិច្ចឌីជីថល

(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩នេះ បានលើកឡើងថា កម្ពុជាគឺជាប្រទេសមួយ ដែលមានសក្តានុពលខ្ពស់ ប្រកបដោយជីវភាព ក្នុងការភ្ជាប់យកនូវកាលានុវត្តភាព ពីបដិវត្តន៍ឧស្សាហកម្មទី៤ និង សេដ្ឋកិច្ចឌីជីថល។

ការលើកឡើងយ៉ាងដូច្នេះ បានធ្វើឡើងក្នុងឱកាសដែល ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន អញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីបើកសិក្ខាសាលាថ្នាក់ជាតិ ស្តីពី «គោលនយោបាយ និងទិសដៅ នៃសេដ្ឋកិច្ចឌីជីថលកម្ពុជា» ដែលរៀបចំធ្វើឡើងនៅសណ្ឋាគារភ្នំពេញ នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩នេះ។

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានថ្លែងថា ទោះបីកម្ពុជា កំពុងស្ថិតនៅក្នុងដំណាក់កាល កំពុងអភិវឌ្ឍក៏ដោយ លោកអាចនិយាយប្រកប ដោយភាពជឿជាក់ថា កម្ពុជា គឺជាប្រទេសមួយ ដែលមានសក្តានុពលខ្ពស់ ប្រកបដោយជីវភាព ក្នុងការភ្ជាប់យកនូវកាលានុវត្តភាព ពីបដិវត្តន៍ឧស្សាហកម្មទី៤ និងសេដ្ឋកិច្ចឌីជីថល ដោយឈរលើកត្តាចំនួន៤រួមមាន៖

* ទី១៖ ភាពអំណោយផលផ្នែកប្រជាសាស្ត្រ ដោយសារវត្តមាននៃ ចំនួនយុវជន ដ៏ច្រើនដែលមានការអប់រំខ្ពស់ និងងាយទទួលយកនូវបច្ចេកវិទ្យាឌីជីថល យ៉ាងឆាប់រហ័ស
* ទី២៖ ការកើនឡើងយ៉ាងឆាប់រហ័ស នៃការប្រើប្រាស់ទូរស័ព្ទដៃ និងឧបករណ៍ឆ្លាត (Smart devices)
* ទី៣៖ ការរីកចម្រើនយ៉ាងឆាប់រហ័ស នៃផ្នែកបច្ចេកវិទ្យា តាមរយៈលំហូរ នៃការវិនិយោគផ្ទាល់ពីបរទេស
* ទី៤៖ ឥទ្ធិពលដ៏លឿន នៃឌីជីថលភាវូនីយកម្ម ដែលកំពុងកើតមាន នៅក្នុងគ្រប់វិស័យសំខាន់ៗ នៃសេដ្ឋកិច្ចជាតិ។

រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច បានបញ្ជាក់ទៀតថា ជាក់ស្តែងនៅកម្ពុជា, សេដ្ឋកិច្ចឌីជីថល កំពុងលេចរូបរាងជណ្តើរៗ ស្របពេលដែលមានការបង្កើតសកម្មភាពអាជីវកម្មថ្មីៗ ដូចជា ការប្រើប្រាស់ការទូទាត់ឌីជីថល ការកើនឡើងនូវ សកម្មភាពកំសាន្តអនឡាញ, សកម្មភាពពាណិជ្ជកម្មអេឡិចត្រូនិច-ល-។

ជាមួយគ្នានេះ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានបន្ថែមទៀតថា ចំនួនអ្នកប្រើប្រាស់ក៏កំពុងកើនឡើង និងកំពុងតែសម្របខ្លួន ទៅនឹងការប្រើប្រាស់បច្ចេកវិទ្យាទាំងនោះ។ ផ្អែកលើបទពិសោធន៍ជាអន្តរជាតិ, ប្រទេសដែលអាចក្តាប់ យកអត្ថប្រយោជន៍ ពីសេដ្ឋកិច្ចឌីជីថល គឺជាប្រទេសដែលមានលទ្ធភាពប្រើប្រាស់បច្ចេកវិទ្យានេះ ហើយចេះសម្របខ្លួន តាមការផ្លាស់ប្តូរទាំងនេះ បានទាន់ពេលវេលា។

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់ថា ក្នុងន័យនេះ, សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ដូចកម្ពុជា, បច្ចេកវិទ្យាថ្មី អាចផ្តល់នូវកាលានុវត្តភាព ក្នុងការលោតផ្លោះដំណាក់កាលធម្មតា នៃការអភិវឌ្ឍបច្ចេកវិទ្យា៕























Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម