សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យសេដ្ឋីៗនៅកម្ពុជា ចូលរួមវិនិយោគក្នុងវិស័យកសិកម្ម

(ភ្នំពេញ)៖ សម្តេចតេជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩នេះ បានថ្លែងអំពាវនាវដល់បណ្តាអ្នកមានៗ ដែលជាសេដ្ឋីមានលុយរាប់ពាន់លាន និងរាប់រយលាននៅកម្ពុជា ចូលរួមបោះទុនវិនិយោគ ក្នុងវិស័យកសិកម្មកម្ពុជា។

ការអំពាវនាវរបស់សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា ធ្វើឡើងក្នុងឱកាសដែលសម្តេច អញ្ជើញជាអធិបតីបិទសន្និបាត បូកសរុបការងារឆ្នាំចាស់ ឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំថ្មី ឆ្នាំ២០១៩ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «សម្រាប់ការចិញ្ចឹមសត្វ វិធីដែលល្អត្រូវខិតទាក់ទាញអ្នកវិនិយោគ ហើយមិនចាំបាច់អ្នកវិនិយោគដែលមកពីក្រៅប្រទេសទេ ស្រុកខ្មែរឥឡូវសេដ្ឋីពាន់លាន [ដុល្លារអាមេរិក] ក៏មានរួចមកហើយ ហើយសេដ្ឋីមធ្យមៗ ដែលជាសេដ្ឋីរយលាននោះក៏ច្រើនដែរ អីចឹងឲ្យពួកគេរួមចំណែក ដើម្បីនឹងផលិតនូវចំណីសត្វ សម្រាប់ការចិញ្ចឹមសត្វ នៅក្នុងប្រទេសរបស់យើង»។

សម្តេចតេជោនាយករដ្ឋមន្ត្រីបន្តថា «មិនត្រូវភ្លេចទេ មិនមែនបច្ចុប្បន្នកម្ពុជាគ្មានសេដ្ឋីពាន់លាន និងសេដ្ឋីរយលាននោះទេ ហើយបើនិយាយអ្នកដែលមានប្រាក់ពី១លានដុល្លារឡើងលើរាប់មិនអស់ទេ ច្រើនណាស់ ប៉ុន្តែខ្ញុំមិនមែនចង់សំដៅថាសាច់ប្រាក់ទេ ដោយសារផ្ទះមួយកន្លែងនៅទីក្រុងភ្នំពេញ លើសពី១លានដុល្លារបាត់ទៅហើយ»។

វិស័យកសិកម្ម បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយដល់កំណើនសេដ្ឋកិច្ចកម្ពុជា។ ជាក់ស្តែងនៅឆ្នាំ២០១៨ វិស័យកសិកម្មបានចូលរួមចំណែកប្រមាណ ២៣.៥% ក្នុងផលិតផលក្នុងស្រុកសរុប។ ក្នុងនោះសម្រាប់ផ្នែកដំណាំមានចំនួន ៥៨.១% ផ្នែកផលិតកម្មសត្វ១១.២% ផ្នែកជលផល ២៤% និងផ្នែកព្រៃឈើ៦.៧%។ លើសពីនេះទៀត តម្លៃបន្ថែមសរុបនៃវិស័យកសិកម្មមានការកើនឡើងជារៀងរាល់ឆ្នាំ ពោលគឺបានកើនពី១៩,៤៧០ពាន់លានរៀលនៅឆ្នាំ២០១៤ ដល់ ២១,៩១៣ ពាន់លានរៀលនៅឆ្នាំ២០១៨។

បើទោះបីជាវិស័យកសិកម្ម បានរួចចំណែកយ៉ាងច្រើនដូច្នេះក្តី ក៏អ្នករកស៊ីរបស់កម្ពុជា ហាក់មិនសូវចាប់អារម្មណ៍ប៉ុន្មានទេលើវិស័យនេះ ដោយហេតុផលមានភាពស្មុគស្មាញក្នុងការរកស៊ី ផលិតផលកសិកម្មមានការប្រកួតប្រជែងខ្ពស់ ដោយសារថ្លៃដើម នៃការផលិតខ្ពស់ជាងប្រទេសជិតខាង រកស៊ីមិនចំណេញច្រើន ដូចជាវិស័យផ្សេងទៀតដូចជាវិស័យដីធ្លី សំណង់ ជាដើម។ ដូច្នេះហើយទើបសម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យអ្នកមានៗនៅស្រុកខ្មែរ ងាកមកចូលរួមវិនិយោគក្នុងវិស័យកសិកម្ម ដើម្បីជួយដល់ប្រជាពលដ្ឋខ្មែរ ដែលភាគច្រើនលើសលុបកំពុងប្រកបរបរកសិកម្ម៕



























Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម