រាជរដ្ឋាភិបាល សម្រេចប្រែក្លាយធនាគារអភិវឌ្ឍន៍ជនបទ ទៅជាធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ចាក់ទុនបន្ថែម៥០លានដុល្លារ

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាក់ឲ្យដឹងថា រាជរដ្ឋាភិបាលបានសម្រេចប្រែក្លាយធនាគារអភិវឌ្ឍន៍ជនបទ ទៅជាធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដោយចាក់ទុនបន្ថែមចំនួន៥០លានដុល្លារអាមេរិក ដើម្បីជំរុញឲ្យធនាគារនេះ កាន់តែមានសមត្ថភាពរឹងមាំ។

ការបញ្ជាក់បែបនេះ របស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើងក្នុងឱកាសដែលសម្ដេច អញ្ជើញជាអធិបតី ក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៨ ដែលប្រារព្ធធ្វើឡើង នៅវិមានសន្តិភាព នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩។ វេទិកានេះ មានការចូលរួម ពីមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា និងអ្នកវិនិយោគធុរជន ដែលកំពុងវិនិយោគ និងរកស៊ី នៅក្នុងប្រទេសកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ខ្ញុំបានសម្រេចប្រែក្លាយធនាគារអភិវឌ្ឍន៍ជនបទ ទៅជាធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដែលបំពេញមុខងារ ជាធនាគារពាណិជ្ជផង និងជាធនាគារគោលនយោបាយផង។...ដើម្បីគោលដៅនេះ ខ្ញុំបានសម្រេចបន្ថែមទុន ចំនួន៥០លានដុល្លារ ដល់ធនាគារអភិវឌ្ឍជនបទ»។

សម្ដេចតេជោ បានគូសបញ្ជាក់ថា ការធ្វើបែបនេះ ក្នុងបំណងជំរុញ ឲ្យធនាគារអភិវឌ្ឍន៍ជនបទ កាន់តែមានសមត្ថភាពរឹងមាំ ក្នុងនាមជាធនាគារបម្រើគោលនយោបាយរបស់រាជរដ្ឋាភិបាល ហើយមានលទ្ធភាព ផ្តល់ហិរញ្ញប្បទាន និងសេវាកម្មពេញលេញ ប្រកបដោយប្រសិទ្ធភាព និងចីរភាព ដល់ការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជនបទ។

នាយករដ្ឋមន្ដ្រីបានឲ្យដឹងទៀតថា ក្រុមការងារដឹកនាំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំពុងតែសិក្សា និងរៀបចំកិច្ចការនេះរួមមាន នូវការរៀបចំទស្សនទាន និង គំរូរធុរកិច្ច (Business Model and Concept), គម្រោងផែនការវិនិយោគ និងផែនការអាជីវកម្ម រយៈពេលមធ្យម ព្រមទាំងការត្រៀមអនុវត្តនូវបណ្តាលក្ខខណ្ឌនានា តាមបទប្បញ្ញត្តិច្បាប់តម្រូវ។

លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទធ្លាប់បានបញ្ជាក់ថា ប្រាប់ Fresh News ថា ការប្រែក្លាយខ្លួនរបស់ជាធនាគារអភិវឌ្ឍន៍ជនបទនេះ ដើម្បីទទួលបានប្រភពទុនពីសាធារណជនផង ពីរាជរដ្ឋាភិបាលផង និងប្រភពផ្សេងៗទៀត ឆ្លើយតបនឹងការរីកចម្រើន ក្នុងសម័យសេដ្ឋកិច្ចឌីជីថល។ លោកថា ការប្រែក្លាយនេះ សំដៅផ្តល់សេវាធនាគារទូទាំងប្រទេស ដោយមានសាខាប្រចាំតំបន់ និងការិយាល័យចល័តផងដែរ។

លោកបន្តថា ដើម្បីឲ្យធនាគារអភិវឌ្ឍន៍ជនបទ មានដំណើរការទៅមុខ គឺត្រូវតែធ្វើការកែទម្រង់ទៅតាមសម័យកាល ដូចជាប្រែក្លាយទៅជា Digital Bank និងមានមុខងារជាធនាគារពាណិជ្ជ ដើម្បីបង្កើតនូវផលិតឥណទានថ្មីផ្សេងទៀត។

សូមបញ្ជាក់ថា ធនាគារអភិវឌ្ឍន៍ជនបទ ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៨ ដោយអនុក្រឹត្យ លេខ០១ អន.ក្រ.បក ចុះថ្ងៃទី២១ ខែមករា ឆ្នាំ១៩៩៨ ក្នុងគោលបំណងបំពេញនូវកង្វះខាតរវាងតម្រូវការ និងការផ្គត់ផ្គង់សេវាកម្មហិរញ្ញវត្ថុនៅតំបន់ជនបទ ដើម្បីចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជា។

Comments

Popular posts from this blog

កម្ពុជាសិក្សាផែនការ B ដើម្បីពង្រឹងលក្ខណៈបច្ចេកទេសកីឡាករ-កីឡាការិនីត្រៀមស៊ីហ្គេម