សហរដ្ឋអាមេរិក៖ គ្មានឡើយជំនួបកំពូលរវាងលោក ដូណាល់ ត្រាំ និងលោក ស៊ី ជិនពីង ក្នុងខែមីនានេះ

(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីរតនាគារជាតិអាមេរិក លោក Steven Mnuchin បានបញ្ជាក់ថាកិច្ចប្រជុំកំពូលដោះស្រាយជម្លោះ ពាណិជ្ជកម្មរវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីចិន លោក ស៊ី ជិនពីង នឹងមិនត្រូវបានធ្វើឡើង

នៅចុងខែមីនានេះ តាមការគ្រោងទុកនោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ២០១៩។

ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បន្ទាប់ពីផ្ដល់សក្ខីកម្មដល់គណកម្មាធិការហិរញ្ញវត្ថុនៃព្រឹទ្ធសភា អាមេរិក លោក Mnuchin ក៏បានសង្កត់ធ្ងន់ដែរថាការសម្រេចចិត្តមិនរៀបចំជំនួបកំពូលនៅចុងខែមីនានេះ ដោយសារតែភាគី ទាំង២ត្រូវការពេលវេលាបន្ថែមទៀតក្នុងកិច្ចចរចាពាណិជ្ជកម្មបច្ចុប្បន្ន។ តែទោះជាយ៉ាងនេះក្ដី រដ្ឋមន្ត្រីរតនាគារជាតិរូបនេះ នៅតែអះអាងដដែលថាទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន​ កំពុងធ្វើការងារប្រកបដោយភាពរីកចំរើនដើម្បីឈានដល់កិច្ចព្រម ព្រៀងមួយឱ្យបានលឿនតាមដែលអាចធ្វើទៅបាន។

គួរបញ្ជាក់ថា ជម្លោះពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន ត្រូវបានគេមើលឃើញថាមានធូរស្រាល ក្រោយលោក ដូណាល់ ត្រាំ ផ្អាកគម្រោងដំឡើងពន្ធបន្ថែមលើផលិតផលរបស់ចិនដែលដំបូងឡើយគ្រោង​ចូលជាធរមាននៅថ្ងៃទី០១ ខែមីនា។ ប៉ុន្តែ អ្នកជំនាញមួយចំនួន នៅតែព្រួយបារម្ភខ្លាចក្រែងជម្លោះនេះផ្ទុះឡើងជាថ្មី ខណៈមហាអំណាចសេដ្ឋកិច្ចទាំង២កំពុងមាន ភាពតានតឹងគ្នាជាច្រើន ជាពិសេសគឺពាក់ព័ន្ធនឹងបច្ចេកវិទ្យា 5G របស់ចិនតែម្ដង៕



Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម