អតីតថ្នាក់ដឹកនាំនៃអតីតបក្សសង្គ្រោះជាតិ ៥រូបទៀតហើយ បានដាក់ពាក្យទៅក្រសួងមហាផ្ទៃ ដើម្បីស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅមុននេះបន្ដិច នារសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩នេះថា អតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្គ្រោះជាតិ ចំនួន០៥រូបទៀតហើយ បានដាក់ពាក្យទៅក្រសួងមហាផ្ទៃ ដើម្បីស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ។

​បើតាមអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានឲ្យដឹងថា អតីតថ្នាក់ដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិ ដែលដាក់លិខិតទៅកាន់ក្រសួងមហាផ្ទៃនោះ រួមមាន៖ ទី១៖ លោក អ៊ូ ច័ន្ទរ័ត្ន, ទី២៖ ​លោក ទីប សុធី ទី​៣៖​ លោក កង គឹមហាក់, ទី​៤៖ លោក ជីវ កាតា និង ​ទី៥៖ លោក ចាន់ ដីលា។

លោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្រ្ត នៃអតីតគណបក្សសង្រ្គោះជាតិ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន ​Fresh News ឱ្យដឹងនៅរសៀល ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ថា ក្រុមរបស់លោកពិតជាបានដាក់លិខិតស្នើសុំនីតិសម្បទានយោបាយ ទៅកាន់ក្រសួងមហាផ្ទៃពិតប្រាដកមែន ហើយលោកអះអាងថា លោកនឹងមានសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីទទួលបាននីតិសម្បទាដើម្បីធ្វើនយោបាយស្របច្បាប់ឡើងវិញ។

សូមជំរាបថា ​ប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩នេះ បានចេញព្រះរាជក្រឹត្យមួយ ផ្តល់នីតិសម្បទានយោបាយ ដល់​លោក រៀល ខេមរិន្ទ្រ អតីតតំណាងរាស្រ្ត នៃអតីតគណបក្សសង្រ្គោះជាតិ បន្ទាប់ពីមានលិខិតទូលថ្វាយដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

លោក រៀល​ ខេមរិន្ទ្រ គឺជាអ្នកទី៤ នៃអតីតថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ ដែលបានដាក់លិខិតស្នើសុំសិទ្ធិធ្វើនយោបាយ បន្ទាប់ពីលោក ស៊ីម សុវណ្ណនី ហៅ ស៊ីម វ៉ាន់នី ដែលជាអតីតសមាជិកគណៈកម្មាធិការនាយក របស់អតីតគណបក្សសង្រ្គោះជាតិ។

លោក ស៊ីម សុវណ្ណនី គឺជាអ្នកនយោបាយទី៣ នៅក្នុងចំណោមអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ ដែលទទួលបាននីតិសម្បទានយោបាយ បន្ទាប់ពីលោក គង់ គាំ អតីតទីប្រឹក្សាជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ និង លោក គង់ បូរ៉ា អតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ដែលត្រូវបានព្រះមហាក្សត្រ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩។

សូមបញ្ជាក់ថា ការដាក់លិខិតស្នើសុំសិទ្ធិធ្វើនយោបាយជាបន្តបន្ទាប់របស់ អតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ ដែលតុលាការហាមឃាត់សិទ្ធិធ្វើនយោបាយរយៈពេល៥ឆ្នាំ បានធ្វើឡើងបន្ទាប់ពីវិសោធនកម្ម ច្បាប់ស្តីពីគណបក្សនយោបាយ បាន​ចូល​ជា​ធរមាន កាលពីថ្ងៃ​ទី០២ ខែ​មករា ឆ្នាំ២០១៩។ ច្បាប់នេះ បានបើកផ្លូវឱ្យជនទាំងឡាយណា ដែលតុលាការហាមឃាត់សិទ្ធិធ្វើនយោបាយ ហើយបិទផ្លូវតវ៉ានោះ មានច្រកដើម្បីសុំនិតិសម្បទានយោបាយឡើងវិញ តាមរយៈនាយករដ្ឋមន្រ្តី៕​













































Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម