តារាល្បីៗ​ត្រៀម​បង្ហាញ​ខ្លួន ធ្វើ​ឲ្យ​កក្រើក​ក្នុង​ព្រឹត្តិការណ៍​សង្ក្រាន្ត ឆ្នាំថ្មី នៅ​តំបន់​វិហារសួគ៌

(ភ្នំពេញ)៖ តារាចម្រៀង តារាសម្ដែង តារាកំប្លែង ពិធីករ ពិធីការិនីល្បីៗជាច្រើនដួង កំពុងត្រៀមខ្លួនបង្ហាញវត្តមាន ក្នុងព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មី ក្នុងទឹកដីតំបន់វិហារសួគ៌ ដែលជាកន្លែងកម្សាន្តមួយ ដ៏ពេញនិយមជារៀងរាល់ឆ្នាំ សម្រាប់មហាជន ខណៈក្នុងឆ្នាំថ្មីនេះ នឹងកាន់តែធ្វើឲ្យកក្រើកខ្លាំង ជាងបណ្ដាឆ្នាំមុនទៅទៀត ព្រោះតែវត្តមានតារាល្បីៗ។

លោកឧកញ៉ា ស្រី ចាន់ថន អ្នកផ្ដើមរៀបចំកម្មវិធី បានថ្លែងប្រាប់ឲ្យដឹងថា សង្ក្រាននៅក្នុងឆ្នាំនេះ នឹងធ្វើឡើងចំថ្ងៃចូលឆ្នាំ គឺថ្ងៃ១៤ ថ្ងៃ១៥ និងថ្ងៃ១៦ មេសា ដោយថ្ងៃ១២ មេសា នឹងមានពិធីក្រុងពាលីធំមួយ។ សង្ក្រានស្កាយលេន ឬតំបន់វិហារសួគ៌ នឹងទាញអ្នកចូលទស្សនា មិនក្រោម៤០ម៉ឺននាក់នោះទេ ដោយសារតែសួនដែលលោករៀបចំ អស់ខ្ទង់លានដុល្លារ មិនចាញ់សួននៅក្រៅប្រទេស ហើយមានទំហំរាប់សិបហិកតា ។ ក្នុងនោះតារាដែលមកច្រៀងទាំង៣ថ្ងៃ ក្នុងកម្មវិធីសង្ក្រាន្ត រួមមាន កញ្ញា រ៉ាប៊ី, លោក ខេម, លោក ខាន់ជេម, កញ្ញា សុភ័ក្ត្រ កុសុម៉ា, កញ្ញា កែវ សុបញ្ញា, អ្នកនាងកាតុ, កញ្ញា ព្រះកាយច័ន្ទ និងតារាល្បីៗជាច្រើនទៀត។

លោកឧកញ៉ា ស្រី ចាន់ថន បន្តថា សង្ក្រាន្តវិហារសួគ៌ក្នុងឆ្នាំទី២នេះ នឹងធ្វើទ្រង់ទ្រាយធំដុំជាងកាលពីឆ្នាំមុនទ្វេរដង ដោយគ្រាន់តែការរៀបចំ ក្រុមហ៊ុនចំណាយមិនក្រោម៣០ម៉ឺនដុល្លារ។ ក្រៅពីរៀបចំជាសួនដាយណូស័រ សួនបន្លែផ្លែឈើ ភ្នំសិប្បនិមិត្ត និងទីលានសម្រាប់លេងទឹក សង្ក្រាននៅក្នុងឆ្នាំនេះ ក៏នឹងរៀបចំជាតំបន់៥ចែកដាច់ពីគ្នា ដើម្បីឲ្យបងប្អូនដែលមកកម្សាន្តបានទស្សនា ដោយរីករាយផងដែរ។ តំបន់ទាំង៥នោះរួមមាន ភូមិប្រជាប្រិយស្កាយលេន ដែលជាកន្លែងលែងលាក់កន្សែង ល្បែងពង្រាត់កូនក្រមុំ និងល្បែងដណ្ដើមស្លឹកឈើ។

លោកបន្តថា តំបន់ទី២គឺភូមិប្រជាប្រិយជេត ដែលជាកន្លែងសម្រាប់មហាជនលេងចោលឈូង លេងទាញព្រ័ត្រ លេងបោះអង្គុញ លេងល្បែងស្ដេចចង់ និងលេងដណ្ដើម ស្លឹកឈើហ្សូនទី២។ តំបន់ទី៣គឺភូមិគុនខ្មែរ ដែលជាទីតាំងសម្ដែងក្បាច់គុនយុទ្ធក្រមខម ដោយរួមមានការបង្ហាញ និងការប្រកួតជាដើម។ ក្នុងនោះក៏មានការប្រដាល់ ដោយប្រកួត ប្រជែងគ្នាយក ប្រាក់រង្វាន់ផងដែរ។ តំបន់ទី៤ គឺភូមិជ្រូកនាំសំណាង ដែលជាតំបន់មហាជន គ្រាន់តែផ្សងមួយដុល្លារ ហើយជ្រើសយកសោរសំណាង ដើម្បីឈ្នះទឹកប្រាក់ ១លានរៀលពីក្រុមហ៊ុន ។ សម្រាប់តំបន់ទី៥ គឺជាទីតាំងប្រគំតន្ត្រី ដោយការប្រគំតន្ត្រីនេះ គឺក្រុមហ៊ុនរៀបចំប្រគំតន្ត្រី នៅទីលានបាតបឹងតែម្ដង អមដោយស្ដង់ពិព័រណ៍ ដើម្បីឲ្យមើលពីលើទៅឃើញស្រស់ស្អាត៕





















Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម