សម្តេចតេជោ ហ៊ុន សែន៖ ជោគជ័យ RCEP នឹងធ្វើឱ្យតំបន់រួមរស់ក្នុងសន្តិភាព និងពោរពេញដោយសហប្រតិបត្តិការ ទប់ទល់នយោបាយគាំពានិយម ឯកតោភាគី

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញក្តីរំពឹងថា ការចរចាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) លើកទី៧ ដែលធ្វើឡើងនៅខេត្តសៀមរាប ដោយកម្ពុជាធ្វើជាម្ចាស់ផ្ទះពេលនេះ នឹងឈានទៅដល់ការសម្រេចមួយ។

សម្តេចតេជោ បានអះអាងថា ភាពជោគជ័យនៃកិច្ចព្រមព្រៀងនេះ នឹងធ្វើឱ្យសមាជិក RCEP រួមរស់ជាមួយគ្នា ប្រកបដោយដោយសន្តិភាព និងពោរពេញដោយសហប្រតិបត្តិការ ហើយនោះក៏ជាផ្នែកមួយនៃការដែលត្រូវទប់ទល់ជាមួយនឹងនយោបាយគាំពានិយម ឯកតោភាគីនិយម ដែលជាមូលហេតុនាំឱ្យបាត់បង់នូវសាកលភាវូបនីយកម្ម។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ទស្សនទានស្តីអំពីបញ្ហាតំបន់របស់យើង នឹងក្លាយទៅជាតំបន់ដែលរួមរស់ជាមួយគ្នា ដោយសន្តិភាព និងពោរពេញដោយសហប្រតិបត្តិការ ហើយនោះក៏ជាផ្នែកមួយនៃការដែលត្រូវទប់ទល់ជាមួយនឹងនយោបាយគាំពានិយម ឯកតោភាគីនិយម ដែលជាមូលហេតុនាំឱ្យបាត់បង់នូវសាកលភាវូបនីយកម្ម និងចរិតសកលរបស់វា»។

ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង ក្នុងឱកាសដែលសម្តេចតេជោ​ នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីអន្តរ​កិច្ចប្រជុំ​ RCEP​ ថ្នាក់រដ្ឋមន្ត្រីលើកទី៧ ស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (7th RCEP ISSL MM) នៅសណ្ឋាគារសុខាអង្គរ ក្នុងខេត្តសៀមរាប ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៩នេះ។

កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្នាក់តំបន់ (Regional FTA) ដែលកំពុងស្ថិតក្នុងដំណាក់កាលនៃការចរចា ដែលមានប្រទេសចូលរួមចរចាចំនួន១៦ រួមមាន៖ ប្រទេសជាសមាជិកអាស៊ានទាំង១០ និងប្រទេសដៃគូពាណិជ្ជកម្មសេរីអាស៊ានចំនួន៦ (អូស្ត្រាលី ចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង និងណូវែលហ្សេឡង់)។

RCEP ជាគំនិតផ្តួចផ្តើមរបស់អាស៊ាន ដែលផ្អែកលើកុងសង់ស៊ីសសម្រាប់ការធ្វើសេចក្តីសម្រេចចិត្ត ដែលបានប្រកាសឱ្យចាប់ផ្តើមចរចាក្នុងឆ្នាំ២០១២ នៅកម្ពុជា។ RCEP មានទំហំ GDP ជិត ៣០% នៃ GDP ពិភពលោក (គិតត្រឹមឆ្នាំ២០១៤) មានប្រជាជនស្ទើរតែពាក់កណ្តាលនៃចំនួនប្រជាជនពិភពលោកសរុប, មាន ៣១,៦% នៃផលិតកម្មពិភពលោក, ២៨,៥% នៃពាណិជ្ជកម្មពិភពលោក និងមួយភាគប្រាំ (១/៥) នៃលំហូរវិនិយោគផ្ទាល់ពីបរទេសរបស់ពិភពលោក (គិតត្រឹមឆ្នាំ២០១៦)។

សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា ប្រទេសអាស៊ានទាំង១០ បូកនឹងដៃគូទាំង០៦ ដែលសុទ្ធតែមានគំនិតផ្តួចផ្តើមស្រប និងប្រហែលគ្នានោះ នឹងធ្វើការសម្រេចជោគជ័យទៅលើក្របខណ្ឌមួយនេះ ដែលជាការធ្វើសំយោគ រវាងទស្សនទានស្តីអំពីបញ្ហារបស់ឥណ្ឌា កូរ៉េខាងត្បូង ជប៉ុន អូស្រ្តាលី និងចិនជាដើម។

សម្តេចបានថ្លែងថា «ដូច្នេះយើងត្រូវយកចំណុចនេះ សំយោគ ក៏ជាចំណុចជោគជ័យ នៃប្រទេសទាំងអស់ដែលបានដាក់ចេញ ដើម្បីសុខដុមបនីយកម្ម និងភាពរុងរឿង នៅក្នុងតំបន់របស់យើងផងដែរ»។ សម្តេចបានបន្តថា បើគ្មានចំណុចនេះកើតឡើងទេ គំនិតផ្តួចផ្តើមទាំងឡាយ ក៏មិនអាចក្លាយទៅជាចំណុចជាក់ស្តែងដែរ៕





















Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម