ប្រធានាធិបតី​វេណេស៊ុយអេឡា​នឹងស្នើ ចិន រុស្ស៊ី​ គុយបា អ៊ីរ៉ង់ និង UN ឲ្យចូលមក​ជួយដោះ​ស្រាយ​រឿងដាច់​ចរន្ត​អគ្គិសនី

(ការ៉ាកាស់)៖ ប្រធានាធិបតី​វេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បានឲ្យដឹងថា លោកនឹងស្នើ​សុំជំនួយពី​ រុស្ស៊ី ចិន គុយបា អ៊ីរ៉ង់ រួមទាំង​​អង្គការ​សហប្រជាជាតិ ក្នុងការស៊ើបអង្កេត​ជុំវិញអ្វីដែលរូបលោក​បានអះអាងថា ជា​ការវាយប្រហារមកលើ​បណ្តាញផ្គត់ផ្គង់​អគ្គិសនី​​​ប្រទេស​​លោក ដែលបាន​បង្កឲ្យមានការដាច់ចរន្តអគ្គិសនី​ស្ទើរតែទូទាំងប្រទេស​ អស់ជាច្រើនថ្ងៃមក​ហើយ។ នេះបើតាមការ​ដកស្រង់ការផ្សាយ​ចេញ​ពី​​សារ​​ព័ត៌មានរុស្ស៊ី Sputnik នៅល្ងាចថ្ងៃពុធ ទី១៣ ខែមីនា ឆ្នាំ២០១៩។

លោក ម៉ាឌូរ៉ូ បានលើក​ឡើងយ៉ាងដូច្នេះថា «ខ្ញុំបានចាត់តាំង​​គណៈកម្មការ​ពិសេសមួយ ដើម្បីរៀបចំបើក​ការស៊ើបអង្កេត​​លើ​ករណី​ វាយ​ប្រហារ​តាម​ប្រព័ន្ធ​ព័ត៌មានវិទ្យា មកលើបណ្តាញផ្គ​ត់ផ្គង់អគ្គិសនី​វេណេស៊ុយអេឡា និងបានស្នើសុំជំនួយ​ពីក្រុមអ្នកជំនាញ​អន្តរជាតិ។ ​ខ្ញុំមាន​​បំណង​​ចង់​ស្នើសុំការជួយ​គាំទ្រពីអង្គការ​សហប្រជាជាតិ ​ព្រមទាំងប្រទេស​រុស្ស៊ី ចិន គុយបា និងអ៊ីរ៉ង់ ព្រោះថា​ប្រទេសទាំងនេះ​ មានបទពិសោធន៍​​ខ្ពស់​ក្នុងការ​​ដោះស្រាយ​ការវាយប្រហារ​តាមផ្នែកព័ត៌មាន​វិទ្យា»។

គួរជម្រាបថា ប្រទេស​វេណេស៊ុយអេឡា​បានជួបប្រទះការដាច់​ចរន្តអគ្គិសនី តាំងតែពី​ថ្ងៃទី០៧ ខែមីនា ហើយ​លោក ម៉ាឌូរ៉ូ បានចោទ​​ក្រុម​ប្រឆាំង និងសហរដ្ឋអាមេរិកថា ជាអ្នកនៅ​ពីក្រោយខ្នង​រឿងនេះ ខណៈលោក ហ្គៃដូ ដែលជាមេបក្ស​ប្រឆាំង​បាន​ចោទ​លោក ម៉ាឌូរ៉ូ ថាគ្មានសមត្ថភាព​​គ្រប់គ្រង​ប្រទេស និង​ធ្វើឲ្យ​ប្រជាជនជិត ២០នាក់ស្លាប់​​ដោយសារតែ​ការដាច់​ចរន្តអគ្គិសនី​​រហូត​ដល់ទៅ ២១រដ្ឋ​ ក្នុងចំណោមរដ្ឋ​ទាំងអស់​ចំនួន ២៣​៕











Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម