ជនជាប់ចោទជាស្ត្រីវៀតណាមក្នុងករណីធ្វើឃាតលោក គីម ជុងណាំ ត្រូវម៉ាឡេស៊ីបន្ធូរបន្ថយការចោទប្រកាន់ និងអាចរួចផុតទោសប្រហារជីវិត

(គូឡាឡាំពួ)៖ ក្រុមព្រះរាជអាជ្ញានៃប្រទេសម៉ាឡេស៊ីនាថ្ងៃចន្ទនេះ បានសម្រេចបន្ធូរបន្ថយ ការចោទប្រកាន់ពីបទមនុស្សឃាត ប្រឆាំងនឹងស្រ្តីជនជាតិវៀតណាមម្នាក់ ដែលបច្ចុប្បន្នជាជនសង្ស័យនៅជាប់ឃុំតែម្នាក់ឯងគត់ ក្នុងករណីធ្វើឃាតបងប្រុសម្តាយទីទៃ របស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន គឺលោក គីម ជុងណាំ។ នេះបើតាមការ ដកស្រង់ការផ្សាយចេញពីសារព័ត៌មាន VNExpress នៅព្រឹកថ្ងៃចន្ទ ទី០១ ខែមេសា ឆ្នាំ២០១៩។

ព្រះរាជអាជ្ញាលោក អ៊ីសកាន់ដារ អាហ៍ម៉េដ (Iskandar Ahmad) បានប្រាប់តុលាការម៉ាឡេស៊ីថា លោកទទួលបានការបង្គាប់ពីអគ្គព្រះរាជអាជ្ញា ឲ្យផ្តល់ជម្រើសនៃការចោទប្រកាន់ ដែលមានទម្ងន់ទោសស្រាលជាងមុនសម្រាប់នាង ដន ធីហ័ង (Doan Thi Huong) ដែលជាជនសង្ស័យ។ បើតាមមេធាវីរបស់នាង Huong ជាមួយការចោទប្រកាន់ដែលត្រូវបានបន្ធូរបន្ថយទោសនេះ គឺពីបទប្រើប្រាស់អាវុធគ្រោះថា្នក់ ទៅវាយប្រហារលើអ្នកដទៃ ហើយនាងប្រឈមនឹងការជាប់ពន្ធនាគារយូរបំផុតត្រឹម ១០ឆ្នាំ ខណៈការចោទប្រកាន់ចាស់ពីបទមនុស្សឃាត អាចឲ្យរូបនាងប្រឈមមុខនឹងទោស ប្រហារជីវិត។ នាង Huong ត្រូវមេធាវីអះអាងថា ទំនងជានឹងឆ្លើយទទួលទោស ចំពោះការចោទប្រកាន់កម្រិតស្រាលនេះ។

គួរជម្រាបថា បងប្រុសម្តាយទីទៃរបស់លោក គីម ជុងអ៊ុន គឺលោក គីម ជុងណាំ ត្រូវបានគេសម្លាប់ដោយអាវុធគីមី VX នៅឯអាកាសយានដ្ឋានគូឡាឡាំពួកាលពី ឆ្នាំ២០១៧។ ពីដំបូងឡើយជនសង្ស័យគឺមាន ០២នាក់ រួមមាននាង Huong និងម្នាក់ទៀត ជាស្រ្តីជនជាតិឥណ្ឌូណេស៊ី ប៉ុន្តែទើបត្រូវបានដោះលែងឲ្យមានសេរីភាព នាពេលថ្មីៗនេះវិញហើយ៕











Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម