សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់អ្នកខេត្តព្រះសីហនុ កុំដំឡើងថ្លៃ ឱកាសបុណ្យចូលឆ្នាំខ្មែរ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩នេះ បានអំពាវនាវដល់ អាជីវករជាពិសេសម្ចាស់ផ្ទះសំណាក់ និងសណ្ឋាគារ នៅខេត្តព្រះសីហនុ រក្សាតម្លៃធម្មតា ដោយកុំដំឡើងថ្លៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ ខាងមុខនេះឱ្យសោះ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋ ដែលទៅកម្សាន្តខេត្តមាត់សមុទ្រមួយនេះ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់តាមរយៈ Facebook នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩ នេះថា ខេត្តព្រះសីហនុ សព្វថ្ងៃកំពុងទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើន ទាំងភ្ញៀវជាតិ និងអន្តរជាតិ ព្រោះមានឆ្នេរសមុទ្រធម្មជាតិស្រស់ស្អាត។ បច្ចុប្បន្ននេះ ការធ្វើដំណើរពីខេត្តមួយទៅខេត្តមួយ ក៏កាន់តែងាយស្រួល ដោយសារផ្លូវថ្នល់ និងស្ពានរបស់យើងធំទូលាយល្អ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះទៀតថា៖ «ទន្ទឹមនឹងនេះដែរ បងប្អូនអាជីវករ ជាពិសេសផ្ទះសំណាក់ និងសណ្ឋាគារ សុំកុំតម្លើងថ្លៃ ដើម្បីបងប្អូនប្រជាពលរដ្ឋមានឱកាសបានមកស្នាក់នៅកំសាន្ត និងប្រើប្រាស់សេវាកម្មនៅទីនេះបានដូចធម្មតា»។
នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍បន្ថែមទៀតថា នៅពេលចូលឆ្នាំខាងមុខនេះ ខេត្តព្រះសីហនុនឹងមានរៀបចំសង្ក្រាន្តសមុទ្រ ចាប់ពីថ្ងៃទី១៤ -១៦ ខែមេសា ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី សង្ឃឹមថាបងប្អូននឹងទៅកំសាន្តនៅទីនេះច្រើនជាមិនខាន៕

Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម