សម្តេចតេជោ ហ៊ុន សែន ប្រកាសមិនអត់ឱនជាដាច់ខាតឱ្យទណ្ឌិត សម រង្ស៉ី ដោយសារតែប្រមាថធ្ងន់ធ្ងរដល់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងលោក ហ៊ុន ម៉ាណែត ថាជាកូនមេដឹកនាំវៀតណាម

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសជាថ្មីម្តងទៀតថា សម្តេចនឹងមិនអត់ឱនឱ្យ មេដឹកនាំក្រុមប្រឆាំងដែលសំដៅទៅកាន់ លោក សម រង្ស៉ី នោះជាដាច់ខាត ដោយសារតែមេដឹកនាំចលនាខុសច្បាប់រូបនេះ បានប្រមាថកិត្តិយសភរិយា និងកូនរបស់សម្តេចយ៉ាងធ្ងន់ធ្ងរ។

ក្រុមប្រឆាំងក្រោមការដឹករបស់ លោក សម រង្ស៉ី បានធ្វើយុទ្ធនាការបំភ្លៃជាច្រើនឆ្នាំថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា គឺជាប្រពន្ធរបស់មេដឹកនាំវៀតណាម ឡេដឹកថូ។ ជាមួយគ្នានេះ ពួកគេក៏បានឃោសនាភូតកុហកទៀតថា លោក ហ៊ុន ម៉ាណែត ដែលជាកូនច្បងរបស់សម្តេចតេជោ គឺជាកូនប្រុសរបស់មេដឹកនាំវៀតណាមថែមទៀត។
ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតវិទ្យាស្ថានវ៉ាន់ដា នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន បានសម្តែងការខឹងសម្បារយ៉ាងខ្លាំង ចំពោះលោក សម រង្ស៉ី ហើយចាត់ទុកថា ការជេរប្រមាថមកលើសម្តេចកន្លងមក គឺមានការណែនាំដោយ លោក សម រង្ស៉ី។
សម្តេចបានបញ្ជាក់ជំហរយ៉ាងដូច្នេះថា៖ «រហូតដល់ការប្រមាថមួយ ដែលខ្ញុំមិនអាចអត់ឱនឱ្យពួក "អាឆ្កែ" អស់ហ្នឹង ប្រមាថស្អីគឺប្រមាថប្រពន្ធខ្ញុំទៅជាប្រពន្ធរបស់មេដឹកនាំវៀតណាម និងប្រមាថ ហ៊ុន ម៉ាណែត ក្លាយទៅជាកូនរបស់មេដឹកនាំវៀតណាម រឿងមួយនេះ ហ្អែងត្រូវចាំមួយជីវិតអញមិនអត់ឱនឱ្យហ្អែងទេ ហ្អែងត្រូវចាំៗ អញបញ្ជូនឃ្លីបហ្នឹង ទៅឱ្យស្ថានទូតគ្រប់គ្នាថា រឿងហ្នឹងហើយដែលអញមិនអត់ឱនឱ្យហ្អែង»។
សម្តេចបានដាក់គោលដៅមួយថា នឹងកម្ចាត់លោក សម រង្ស៉ី ឱ្យដូចជាកម្ចាត់ប៉ុល ពត ហើយព្រមានមិនឱ្យ មេដឹកនាំក្រុមប្រឆាំងនិយាយថា យករឿងផ្ទាល់ខ្លួន ទៅធ្វើជារឿងធំឱ្យសោះ។ សម្តេចថ្លែងថា «អញដាក់គោលដៅកម្ចាត់ហ្អែង ដូចអញដាក់គោលដៅកម្ចាត់ប៉ុលពតដែរ»។
សម្តេចតេជោ បានរំលឹកអំពីប្រវត្តិជូរចត់របស់សម្តេចជាមួយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងរំលឹកអំពីភាពកម្សត់កម្ររបស់លោកបណ្ឌិតហ៊ុន ម៉ាណែត កាលពីតូចផងដែរ។ សម្តេចបានសម្តែងការឈឺចាប់ នៅពេលដែលត្រឡប់ពីការតស៊ូដើម្បីជាតិ ត្រូវបានកូនរបស់ខ្លួនមិនស្គាល់ឪពុកបែរជាហៅថាពូ ហើយតែរឿងដ៏កម្សត់ទាំងនេះ ត្រូវបានក្រុមប្រឆាំងមើលរំលង ព្រមទាំងប្រមាថទៅវិញ។
សម្តេចបានបញ្ជាក់ថា រឿងនេះសម្តេចធ្លាប់ឱ្យលោក សម រង្ស៉ី ធ្វើលិខិតសុំទោស និងថ្កោលទោសចំពោះទង្វើរបស់ខ្លួនកន្លងមក ប៉ុន្តែមេដឹកនាំនោះ មិនបានធ្វើនោះឡើយ ដោយសារតែរូបគេ គឺជាអ្នកណែនាំឱ្យកូនចៅធ្វើការប្រមាថបែបនេះ។
សម្តេចបានអះអាងថា ក្រុមប្រឆាំងមិនខ្លាំងដូចប៉ុលពតទេ ហើយប៉ុលពត បានដួលរំលំដោយសារសម្តេច។ សម្តេចបញ្ជាក់់ថា៖ «អាពតខ្លាំងប៉ុណ្ណឹង ហ៊ុន សែន វ៉ៃដួលទាំងអស់ ឥឡូវអាធុនប៉ុណ្ណឹង នៅលេងក្រៅចុះ អញផ្តល់ឱ្យតែ លឺ ឡាយស្រេងបានហើយ សល់ប៉ុន្មានទៀត ទុកនៅក្រៅហ្នឹងហើយ»៕

Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម