អ្នកចែកចាយកាសែតអានជិត ៣០ឆ្នាំ ត្អូញត្អែររឿងលក់លែងដាច់ ដោយសារមានប្រព័ន្ធផ្សព្វផ្សាយព័ត៌មានទំនើបដល់ដៃអតិថិជន

(ស្វាយរៀង)៖ បុរសម្នាក់ដែលប្រកបមុខរបរជាអ្នកចែកចាយកាសែតជិត ៣០ឆ្នាំ ក្នុងក្រុងស្វាយរៀង ដែលធ្លាប់បានដាក់លក់តាមមន្ទីរនានាក្នុងខេត្ត និងដាក់លក់ឱ្យអ្នកនិយមអានកាសែត តាមគេហដ្ឋានជាដើមនោះ បានត្អូញត្អែរយ៉ាងខ្លាំងលើជីវភាពគ្រួសាររបស់ខ្លួន ខណៈបច្ចុប្បន្នកាសែតលក់មិនសូវដាច់ ព្រោះមានប្រព័ន្ធបច្ចេកវិទ្យាផ្សព្វផ្សាយទំនើបតាមអនឡាញ នៅលើទូរស័ព្ទរបស់អតិថិជនអស់ហើយ ធ្វើឱ្យពិបាកក្នុងការលក់ចែកចាយ ព្រោះគ្មានអ្នកទិញកាសែតដូចមុនទៀតទេ។

លោក ប៉ែន ម៉ីន ដោយប្រើមធ្យោបាយជិះម៉ូតូគុបមូលចំណាស់មួយគ្រឿង នៅផ្សាវាលយន្ត ដើម្បីចែកចាយដាក់កាសែតឱ្យភ្ញៀវ បានរៀបរាប់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩នេះថា គាត់មានអាយុ ៥៤ឆ្នាំ មុខរបរអ្នកចែកចាយកាសែតអាននៅក្រុងស្វាយរៀង មានទីលំនៅក្នុងឃុំគោកព្រីង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ហើយគាត់បានប្រកប មុខរបរចែកចាយកាសែត និងទស្សនាវដ្ដីតាំងពីឆ្នាំ១៩៩៣ រហូតមកដល់ពេលនេះជាង ២០ឆ្នាំមកហើយ។

លោកបន្តថា ដោយពីមុនគាត់យកកាសែតមកលក់ម្ដងក្នុងមួយថ្ងៃ ៧០០ច្បាប់ មានគ្រប់អង្គភាពសម្រាប់អ្នកចូលចិត្តអានព្រិត្តការណ៍ផ្សេងៗ ដែលកើតមានឡើងក្នុងសង្គម ក៏ដូចជាព្រិត្តការណ៍ ព័ត៌មានជាតិ និងអន្តរជាតិលក់អស់មិនដែលសល់នោះទេ។ បច្ចុប្បន្ននេះគាត់លក់កាសែត ព្រមទាំងមានលក់ទស្សនាវដ្ដី ក្នុងស្រុកផងដែរ ប៉ុន្តែចាប់ពីប៉ុន្មានឆ្នាំចុងក្រោយនេះ ការដើរចែកចាយកាសែតមានការធ្លាក់ចុះយ៉ាងខ្លាំង រហូតដល់ស្ទើរតែមិនជឿ ហើយនៅពេលនេះ គាត់យកមកតែ ២០ទៅ ៣០ច្បាប់ប៉ុណ្ណោះ ព្រោះខ្លាចលក់មិនដាច់នៅសល់។

អ្នកចែកចាយកាសែតអានជិត ៣០ឆ្នាំរូបនេះ បានបញ្ជាក់ថា មូលហេតុដែលនាំឱ្យការចែកចាយ និងលក់កាសែតធ្លាក់ចុះបណ្ដាលមកពី ប្រពន្ធ័បច្ចេកវិទ្យាផ្សព្វផ្សាយទំនើបនៅក្នុងដៃ ដូចជាទូរស័ព្ទបណ្ដាញសង្គមហ្វេសប៊ុក និងព័ត៌មានអនឡាញ។ ប៉ុន្តែដោយរូបលោក នៅតែស្រឡាញ់អាជីពចែកចាយកាសែត និងទស្សនាវដ្ដី ទើបនៅតែបន្តលក់ ទោះបីមានការចំណេញបន្តិចបន្តួចក៏ដោយ ព្រោះក្រៅពីលក់កាសែត គាត់មានមុខរបរធ្វើស្រែចំការដើម្បីចិញ្ចឹមក្រុមគ្រួសារផងដែរ៕





Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម