លោក គីម ជុងអ៊ុន អាចនឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េខាងត្បូង នៅចុងឆ្នាំនេះ!

(សេអ៊ូល)៖ មន្ត្រីមួយរូបនៃវិមានប្រធានាធិបតីកូរ៉េខាងត្បូង Blue House បានបញ្ជាក់ថា លោក មូន ចេអ៊ីន កំពុងតែពិនិត្យមើលចំពោះលិខិតអញ្ជើញមួយ ដែល លោកចង់បញ្ជូនទៅកាន់ ប្រទេសកូរ៉េខាងជើង ដើម្បីអញ្ជើញប្រមុខដឹកនាំកំពូលលោក គីម ជុងអ៊ុន ឲ្យមកចូល រួម កិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េខាងត្បូង ដែលនឹងប្រារព្ធឡើងនៅទីក្រុង ប៊ូសាន (Busan)។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាល្ងាចថ្ងៃចន្ទ ទី០១ ខែមេសា ឆ្នាំ២០១៩។

ដោយឡែកមន្ត្រីជាន់ខ្ពស់ប្រចាំវិមាន Blue House លោក យូន ដូហាន (Yoon Do-ha) បានបញ្ជាក់ថា លោក មូន ចេអ៊ីន នឹងទទួលស្វាគមន៍ថ្នាក់ដឹកនាំ នៃបណ្តាប្រទេស សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ទាំង១០ប្រទេស ចាប់ពីថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីក្រុងកំពង់ផែ Busan ដែលមានចម្ងាយ ៤៥០គីឡូម៉ែត្រ ពីភាគខាងត្បូងនៃរដ្ឋធានីសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។

គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលខាងលើនេះ គឺស្ថិតក្នុងន័យអបអរសាទរខួបទី ៣០ឆ្នាំ នៃកិច្ចសន្ទនាជាលក្ខណៈមិត្តភាពរវាងកូរ៉េខាងត្បូង និងអាស៊ាន ហើយចំពោះព័ត៌មាន អំពីការគ្រោងអញ្ជើញលោក គីម ជុងអ៊ុន ឲ្យចូលរួមកិច្ចប្រជុំកំពូលខាងលើនេះដែរនោះ គឺត្រូវបានបញ្ជាក់ដោយមន្ត្រីកូរ៉េខាងត្បូងម្នាក់ទៀត ដោយសុំមិនបញ្ចេញឈ្មោះ ប៉ុន្តែមន្ត្រី រូបនេះ បានសង្កត់ធ្ងន់ថា ការអញ្ជើញលោក គីម ជុងអ៊ុន នេះក៏ត្រូវការឲ្យកូរ៉េខាងត្បូង ពិភាក្សា និងស្នើសុំការឯកភាពពីអាស៊ានផងដែរ ខណៈដែលស្ថានការណ៍ឧបទ្វីបកូរ៉េ នឹងត្រូវលើកឡើង ចំពោះមុខកិច្ចប្រជុំ ដែលនឹងអាចមានលោក គីម ជុងអ៊ុន ចូលរួមនោះ។

បន្ថែមពីនេះការគ្រោងអញ្ជើញលោក គីម ឲ្យចូលរួមនោះក៏មិនមែនជាគំនិតថ្មីនោះដែរ ដោយ កាលពីអំឡុងកិច្ចប្រជុំកំពូលអាស៊ាននៅសិង្ហបុរី កាលពីខែវិច្ឆិកា ឆ្នាំ២០១៨ ប្រធានាធិបតីឥណ្ឌូណេស៊ីលោក ចូកូ វីដូដូ បាន អនុញ្ញាតឲ្យលោក មូន ចេអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូង អញ្ជើញប្រមុខដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន ឲ្យចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េខាងត្បូងនៅថ្ងៃអនាគត ហើយលោក មូន កាលណោះ ក៏បានសម្តែងការស្វាគមន៍ ចំពោះការផ្តល់ជូននេះផងដែរ៕













Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម