គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដាក់ចេញវិធានការ ការពារសន្តិសុខសណ្តាប់ធ្នាប់ ការតុបតែងលំអរ សម្រាប់បុណ្យចូលឆ្នាំថ្មី

(ភ្នំពេញ)៖ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំ នាព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩នេះ ដើម្បីដាក់ចេញវិធានការ ជាក់ស្ដែង ក្នុងការរក្សាសន្តិសុខសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ការលើកកំពស់សោភណ្ឌភាព និងបរិស្ថាន ក៏ដូចជាការបង្កលក្ខណៈសប្បាយរីករាយ ជូនប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នាពេលខាងមុខនេះ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានក្រើនរំលឹកដល់អាជ្ញាធរខណ្ឌ សង្កាត់ទាំងអស់ ក្នុងរាជធានីភ្នំពេញ ក៏ដូចអង្គភាពស្ថាប័ននានា ត្រូវត្រៀមលក្ខណៈ ឲ្យបានល្អប្រសើរ រួមមាន ៖

* ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យបរិស្ថាន
* ការបំផុសឲ្យប្រជាពលរដ្ឋសំអាតផ្ទះសំបែង
* ការតុបតែងលំអរភ្លើងចំរុះពណ៌
* ការដោតទង់ជាតិតាមស្ថាប័ន ឬតាមផ្ទះ
* ការដាក់តាំងព្រះឆាយាលក្ខ័ណ៍ ព្រះករុណា ព្រះមហាក្សត្រ និងត្រូវបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋ បានរីករាយកំសាន្ត តាមទីសាធារណៈ វត្តអារាម និងរមណីដ្ឋាននានា ឲ្យលក្ខណៈអធឹកអធម៌ ក្នុងរាជធានីភ្នំពេញ។

លោកអភិបាល ក៏បានណែនាំ ឲ្យមានការយកចិត្តទុកដាក់ ពីគ្រោះអគ្គិភ័យ ដែលអាចកើតមានឡើងជាយថាហេតុ ហើយមន្ត្រីខណ្ឌ, អង្គភាពទាំងអស់ ត្រូវដាក់វេនប្រចាំការ២៤ម៉ោង លើ២៤ម៉ោង ក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មី៣ថ្ងៃ ខាងមុខនេះ។

លោកបន្ដថា ជាមួយគ្នានេះ បញ្ហាសំរាម ក៏ជាការកង្វល់មួយសំរាប់អាជ្ញាធរក្រុងភ្នំពេញ ដែលត្រូវបានយកចិត្តទុកដាក់រៀបចំ យន្តការឲ្យបានច្បាស់លាស់ថែមទៀត ដើម្បីប្រមូល និងដឹកសំរាមចេញក្រៅក្រុង ឲ្យបានទាន់ពេលវេលា ពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មី រយៈពេល៣ថ្ងៃនេះ។

លោក ឃួង ស្រេង ក៏បានជូនដំណឹង ពីការរៀបចំឲ្យមានវត្តភ្នំសង្ក្រាន្ត នៅរមណីដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះដែរ ដើម្បីផ្តល់ឱកាសសប្បាយរីករាយ ដល់ប្រជាពលរដ្ឋ មកលេងកំសាន្តសប្បាយផងដែរ៕

















Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម