និស្សិតខ្មែរនៅចិន៖ គោរមងារទទួលពីសាកលវិទ្យាល័យប៉េកាំង ជាគោរមងារខ្ពស់បំផុតបញ្ជាក់ពីគុណវុឌ្ឍិដ៏ឆ្នើមរបស់សម្តេចតេជោ សម្រាប់បុព្វហេតុជាតិ និងប្រជាជន

(ភ្នំពេញ)៖ តាមការគ្រោងទុកនៅល្ងាចថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ខាងមុខនេះ ក្នុងដំណើរអញ្ជើញចូលរួមវេទិកានៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវលើកទី២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញទៅកាន់សាកលវិទ្យាល័យប៉េកាំង (Peking University) ដើម្បីទទួលគោរមងារជា «សាស្រ្តាចារ្យកិត្តិយសផ្នែកទំនាក់ទំនងអន្តរជាតិ» និង អញ្ជើញប្រកាសបង្កើត «មជ្ឈមណ្ឌលខេមរសិក្សា» នៅសាកលវិទ្យាល័យដ៏ល្បីរបស់ចិនមួយនេះ។
សាកលវិទ្យាល័យប៉េកាំង ជាសាកលវិទ្យាល័យរបស់រដ្ឋមានវ័យចំណាស់បំផុតមួយនៅក្នុងប្រទេសចិន ដែលមានអាយុរហូតដល់ជាង១២០ឆ្នាំ និងជាប់ចំណាត់ថ្នាក់កំពូលលើពិភពលោក។ សម្រាប់ផ្នត់គំនិតសិស្ស និស្សិត និង ប្រជាជនចិន សាកលវិទ្យាល័យប៉េកាំងជាសាកលវិទ្យាល័យនៃក្តីសុបិន ព្រោះពួកគេមិនងាយនឹងមានឱកាសបានចូលសិក្សានៅទីនេះឡើយ។ អ្នកដែលបានបញ្ចប់ការសិក្សានៅទីនេះត្រូវបានគេចាត់ទុកថា ជាធនធានមនុស្សដ៏ឆ្នើមសម្រាប់ជាតិ។
លោក យ៉េន យ៉ាត ជានិស្សិតខ្មែរមួយរូបទទួលបានអាហារូបករណ៍កំពុងសិក្សារៀនសូត្រ និងជាអ្នកស្រាវជ្រាវថ្នាក់ក្រោយបណ្ឌិតនៅសាកលវិទ្យាល័យប៉េកាំង។ លោក យ៉េន យ៉ាត បានលើកឡើងថា គោរមងារសាស្រ្តាចារ្យកិត្តិយសដែលសម្តេចនឹងទទួលបានពេលនេះ គឺជាគោរមងារដ៏ខ្ពស់បំផុត ដែលបញ្ជាក់ពីគុណវុឌ្ឍិដ៏ឆ្នើមផ្នែកចំណេះដឹង បទពិសោធន៍ ទេពកោសល្យ និងការចូលរួមចំណែកដ៏ធំធេងរបស់សម្តេចនាយករដ្ឋមន្ត្រីលើជំនាញដឹកនាំ ការបង្រួបបង្រួមជាតិ ការរក្សាសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិឱ្យមានកំណើនសេដ្ឋកិច្ចរឹងមាំមកទល់សព្វថ្ងៃនេះ។
«ការផ្តល់ជូនគោរមងារសាស្រ្តាចារ្យកិតិ្តយសនេះ គឺពិតជាសក្តិសមនឹងគុណតម្លៃ ស្នាដៃ និងការលះបង់ដ៏ធំធេងរបស់សម្តេចចំពោះមាតុភូមិកម្ពុជា។ តាមរយៈគោរមងារនេះ សម្តេចនាយរដ្ឋមន្ត្រី ហ៊ុន សែន គឺជាមេដឹកនាំខ្មែរទី១ ដែលនឹងក្លាយជាសាស្រ្តាចារ្យខ្មែរដំបូងគេនៅសាកលវិទ្យាល័យប៉េកាំង។ នេះពិតជាមោទនភាពសម្រាប់ជាតិ ក៏ដូចប្រជាជនកម្ពុជាទាំងមូល»។ លោក យ៉េន យ៉ាត បញ្ជាក់បន្ថែម។
លោក យ៉េន យ៉ាត បន្តថា «ការផ្តល់គោរមងារសាស្រ្តាចារ្យកិត្តិយសជូនសម្តេចនាយករដ្ឋមន្រ្តីពេលនេះ ក៏សរបញ្ជាក់ផងដែរអំពីចំណងមិត្តភាពដ៏រឹងមាំ និងយូរអង្វែងរវាងប្រជាជន និងប្រទេសទាំងពីរ តាមរយៈកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ទាំងផ្នែកនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ និងការអភិវឌ្ឍធនធានមនុស្ស»។
សម្តេចនាយករដ្ឋមន្រ្តី ក៏ធ្លាប់បានទទួលមេដាយ និងសញ្ញាបត្របណ្ឌិតកិត្តិយសជាច្រើន ពីបណ្តាប្រទេសមួយចំនួនដូចជា ប្រទេសចិន ថៃ ឡាវ វៀតណាម កូរ៉េ រុស្សី អឺរ៉ុប និងសហរដ្ឋអាម៉េរិកជាដើម។
ក្នុងនាមជាប្រជាជនខ្មែរ និងជាបុគ្គលិកស្រាវជ្រាវថ្នាក់ក្រោយបណ្ឌិតមួយរូបនៅសាកលវិទ្យាល័យប៉េកាំង លោក យ៉េន យ៉ាត បានសម្តែងនូវមោទនភាពយ៉ាងក្រៃលែង ចំពោះគោរពងារថ្មីមួយទៀតដែលសម្តេចតេជោនឹងទទួលបាននៅថ្ងៃទី២៥ ខែមេសា ខាងមុខនេះ។
លោក យ៉េត យ៉ាត ចាត់ទុកការទទួលបានគោរមងាររបស់សម្តេចតេជោ ជាសក្ខីភាពនៃគុណសម្បត្តិ និងគុណតម្លៃដ៏ឧត្តុង្គឧត្តមដែលមិនអាចកាត់ថ្លៃបាន ចំពោះការលះបង់ និងការខិតខំប្រឹងប្រែង ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។ និស្សិតខ្មែរកំពុងរៀននៅសាកលវិទ្យាល័យប៉េកាំងរូបនេះ បានលើកឡើងថា ប្រជាជនកម្ពុជា ពិតជាមានសំណាងណាស់ដែលមានមេដឹកនាំប្រកបដោយសមត្ថភាព និងគុណធម៌៕

Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម