ប្រតិភូវៀតណាម ជួបសម្តែងការគួរសម ពិភាក្សាការងារ និងជូនពរឆ្នាំថ្មី ដល់អគ្គស្នងការដ្ឋាននគរបាលជាតិ, ភាគីទាំង២ឯកភាពគ្នា បន្ដរក្សាសន្ដិភាព និងស្ថិរភាពតាមបន្ទាត់ព្រំដែន

(ភ្នំពេញ)៖ គណៈប្រតិភូ នៃគណៈកម្មាធិការប្រជាជនខេត្តគៀនយ៉ាង នៃប្រទេសវៀតណាម នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩នេះ បានចូលជួបសម្ដែងការគួរសម និងជូនពរឆ្នាំថ្មី ដល់អគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមាន នាយឧត្តមសេនីយ៍ ដាំ វុទ្ធី អគ្គស្នងការរងនគរបាលជាតិ តំណាងនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជាអ្នកទទួលស្វាគមន៍។

ក្នុងជំនួបជូនពរនេះ នាយឧត្តមសេនីយ៍ ដាំ វុទ្ធី និងភាគីវៀតណាម ដែលដឹកនាំដោយលោក ម៉ាយ អាញ់ញីន អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តគៀនយ៉ាង បានឯកភាពគ្នា ជួបប្រជុំប្ដូរវេន និងផ្លាស់ប្ដូរព័ត៌មានឲ្យគ្នាទៅវិញទៅមក ពាក់ព័ន្ធសភាពការណ៍បទល្មើស និងចាត់វិធានការសហការទប់ស្កាត់ រួមគ្នាបង្ក្រាបទាន់ពេល។

លើសពីនេះ ភាគីកម្ពុជា-វៀតណាម ប្ដេជ្ញាបន្ដរួមគ្នាអនុវត្តគ្រប់សកម្មភាពសម្ដៅរក្សាបានសន្ដិសុខ ស្ថិរភាព សណ្ដាប់ធ្នាប់តាមព្រំដែន បង្កើតបានព្រំដែនសន្ដិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ដោយឈរលើស្មារតីគោរពអធិបតេយ្យភាព បូរណភាពទឹកដី និងរក្សាផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក។

នាយឧត្តមសេនីយ៍ ដាំ វុទ្ធី និងភាគីវៀតណាម ក៏បានស្នើគ្នាទៅវិញទៅមកឲ្យមានការផ្ដល់ព័ត៌មាន និងមានការពិគ្រោះពិភាក្សា ព្រមទាំងឯកភាពគ្នាជាមុន នូវរាល់គម្រោងធ្វើសកម្មភាពអភិវឌ្ឍន៍ តាមបណ្ដោយខ្សែបន្ទាត់ព្រំដែន នៃប្រទេសទាំងពីរ។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍អគ្គស្នងការរងនគរបាលជាតិ ក៏បានប្រាប់ទៅកាន់ភាគីវៀតណាមផងដែរថា នៅឆ្នាំ២០១៨កន្លងទៅនេះ កម្ពុជារក្សាបានស្ថិរភាព សុវត្ថិភាព សន្ដិភាពសណ្ដាប់ធ្នាប់សាធារណបានយ៉ាងល្អប្រសើរ ហើយរក្សាបានមិនឲ្យមានអំពើភេរវកម្មកើតមានលើទឹកដីមួយនេះនោះឡើយ។

ជាចុងបញ្ចប់ភាគីទាំង២បាន ថ្លែងអំណរគុណគ្នាទៅវិញទៅមក ដែលជារៀងរាល់ឆ្នាំតែងចាត់បញ្ជូនប្រតិភូ ជូនពរគ្នាទៅវិញទៅមកក្នុងឱកាសបុណ្យផ្សេងៗ ៕























Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម