កម្ពុជាចេញសេចក្តីថ្លែងការណ៍ ថ្កោលទោសការវាយលើវិហារគ្រីស្តសាសនា នៅស្រីលង្កា ផ្តាច់ជីវិតមនុស្ស២៩០នាក់ និងជាង៥០០នាក់រងរបួស

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍ ថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះអំពើហឹង្សាដ៏សាហាវឃោឃៅ លើវិហារគ្រីស្តសាសនា និងសណ្ឋាគារ នៅប្រទេសស្រីលង្កា នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ ដែលបានផ្តាច់ជីវិតមនុស្ស២៩០នាក់ និងជាង៥០០នាក់ទៀតរងរបួស។

កម្ពុជាបានចាត់ទុកទង្វើនេះ ជាការបង្កឱ្យមានការភ័យខ្លាច និងជ្រុលនិយមដ៏គួរឱ្យស្អប់ខ្ពើមនេះ នឹងមិនត្រូវអត់ឱនឱ្យជាដាច់ខាត។ នេះបើតាមសេចក្តីថ្លែងការណ៍ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែមេសានេះ។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី សូមសម្តែងនូវសមានទុក្ខដ៏ក្រៀមក្រំ ចំពោះរដ្ឋាភិបាល និងប្រជាជនស្រីលង្កា ជាពិសេសគ្រួសារនៃជនរងគ្រោះ ដែលបានបាត់បង់ជីវិតនៅក្នុងការវាយប្រហារដោយគ្រាប់បែកដ៏គួរឱ្យស្អប់ខ្ពើម នៅប្រទេសស្រីលង្កា កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩។

សេចក្តីថ្លែងការណ៍ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «រាជរដ្ឋាភិបាលកម្ពុជាថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះអំពើហិង្សាដ៏សាហាវឃោឃៅនេះ ហើយ ទង្វើបង្កឱ្យមានការភ័យខ្លាច និងជ្រុលនិយមដ៏គួរឱ្យស្អប់ខ្ពើមនេះ នឹងមិនត្រូវអត់ឱនឱ្យជាដាច់ខាត»។

ព្រះរាជាណាចក្រកម្ពុជា ប្តេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម និងជ្រុលនិយមតាមគ្រប់ទម្រង់ និងរូបភាព។ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា មានជំហរសាមគ្គីភាពជាមួយរដ្ឋាភិបាល និងប្រជាជនស្រីលង្កា នៅក្នុងគ្រាដ៏លំបាកនេះ និងសូមបួងសួងឱ្យអ្នករងរបួសទាំងអស់ បានជាសះស្បើយឆាប់រហ័សឡើងវិញ៕









Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម