នាយករដ្ឋមន្រ្តីកម្ពុជា ស្នើនាយករដ្ឋមន្រ្តីថៃ បើកច្រកអន្តរជាតិចំនួន៤កន្លែងទៀត ដើម្បីជំរុញពាណិជ្ជកម្មប្រទេសទាំងពីរ

(ភ្នំពេញ)៖ នៅក្នុងកិច្ចពិភាក្សាទ្វេភាគី មុននឹងធ្វើជាអធិបតីភាពរួមគ្នាក្នុងកម្មវិធីមួយចំនួននៅក្រុងប៉ោយប៉ែត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើដល់ លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តីថៃ ដើម្បីបើកច្រកអន្តរជាតិកម្ពុជា-ថៃចំនួន៤កន្លែងបន្ថែមទៀត។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «អម្បិញមិញ មុនពិធីចាប់ផ្តើម ខ្ញុំបានចរចាជាមួយ ឯកឧត្តម ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃ ខ្ញុំបានស្នើបើក​នូវច្រក៤កន្លែងផ្សេងទៀត ដែលរួមមានច្រកអានសេះ រវាងខេត្តព្រះវិហារជាមួយនឹងខេត្តអូ៊ប៊ុន ច្រកជប់គគី ខេត្តឧត្តរមានជ័យទល់ខេត្តបុរីរ៉ាំ ច្រកភ្នំដី និងមួយទៀត ច្រកថ្មដា»។
ច្រកព្រំដែន​កម្ពុជា​-ថៃ​ ចំនួន៤​នេះ កំពុងស្ថិតនៅជាច្រករបៀងនៅឡើយទេ ក្នុងនោះច្រក​ភ្នំ​ដី ក្នុង​ខេត្តបាត់ដំបង​ របស់កម្ពុជា ទល់នឹង​ច្រក​ខោ​ឌី​ន ក្នុង​ខេត្ត​ស្រះ​កែវ​របស់ថៃ។ ច្រក​អានសេះ ក្នុង​ខេត្តព្រះវិហារ​ កម្ពុជា​ទល់នឹងច្រក​អាន​ម៉ា ខេត្ត​អ៊ូបុន ប្រទេស​ថៃ។ ច្រក​ជប់​គគី ក្នុង​ខេត្តឧត្តរមានជ័យកម្ពុជា​ ទល់នឹង​ច្រកសាយតាគូ​ ខេត្ត​បូ​រី​រ៉ាំ ប្រទេសថៃ និង​ច្រក​ថ្មដារ ក្នុង​ខេត្តពោធិ៍សាត់ និង​ច្រក​បានថា​សេន ក្នុង​ខេត្ត​ត្រាត។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបើកច្រកបន្ថែមទាំងនេះ នឹងជួយសម្រួលពាណិជ្ជកម្មរវាងប្រជាជន នៃប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើងថែមទៀត។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានអះអាងថា សម្តេចបានទទួលការឆ្លើយតបជាវិជ្ជមាន សម្រាប់ការបើកច្រកទាំងនេះពីភាគីថៃ។
សម្តេចបានថ្លែងយ៉ាងដូច្នេះថា៖ «អម្បិញមិញ យើងក៏ទទួលបានការឆ្លើយតបជាវិជ្ជមាន តាមរយៈសំណើរបស់ខ្ញុំជូនដល់នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រថៃ ឯកឧត្តម ប្រាយុទ្ធ ចាន់អូចា និងឯកឧត្តម រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនថៃ»៕

Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម