ផ្ទុះការបាញ់ប្រហារក្នុងទីសក្ការៈនៃជនជាតិជ្វីបក្នុងរដ្ឋកាលីហ្វរញ៉ា បណ្តាលឲ្យស្លាប់ម្នាក់ និងរបួស០៣នាក់

(វ៉ាស៊ីនតោន)៖ ជនរងគ្រោះក្នុងករណីបាញ់ប្រហារ នៅកន្លែងបន់ស្រន់របស់ក្រុមជនជាតិជ្វីប​នៅទីក្រុង សាន់ឌាហ្គោ (San Diego) រដ្ឋកាលីហ្វញ៉ា នៃសហរដ្ឋអាមេរិកឈ្មោះ រ៉េបប៊ី ហ្គោលស្ទេច (Rabbi Goldstein) បាននិយាយថា អំពើអាក្រក់នឹងគ្មានថ្ងៃឈ្នះនោះឡើយ ក្រោយពីហេតុការណ៍នោះ បានធ្វើឲ្យមនុស្សម្នាក់ស្លាប់ និង០៣នាក់រងរបួស។ នេះបើតាមការដកស្រង់ការផ្សាយ​ចេញពី​សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃចន្ទ ទី២៩ ខែមេសា ឆ្នាំ២០១៩។

លោក Goldstein ដែលបានរងរបួសក្នុងហេតុការណ៍បាញ់ប្រហារ កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ បានលើកឡើងយ៉ាងមុតមាំថា ក្រុមជនជាតិជ្វីបនឹងពុំមានថ្ងៃខ្លាចរអា ឬក៏ចុះញ៉មដោយសារទង្វើអាក្រក់បែបនេះឡើយ ពោលគឺអំពើអាក្រក់នឹងមិនអាចឈ្នះនោះទេ។

បន្ថែមពីលើនេះ លោក Goldstein ក៏បានសម្តែងការកោតសរសើរ ចំពោះរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក ដែលផ្តល់នូវសិទ្ធិសេរីភាពនៃការគោរពសាសនា ហើយលោកពិតជាអរគុណខ្លាំងណាស់ ដែលបានរស់នៅក្នុងប្រទេស ដែលការពារសិទ្ធិឲ្យពួកជនជាតិ លោករស់នៅដោយបើកចំហ និងប្រកបដោយមោនភាពក្នុងនាមជាជនជាតិជ្វីប។

គួរជម្រាបថា ខ្មាន់កាំភ្លើងក្នុងហេតុការណ៍បាញ់ប្រហារនៅថ្ងៃសៅរ៍ មានអាយុត្រឹម ១៩ឆ្នាំប៉ុណ្ណោះ និងឈ្មោះ ចន អៀរណែសត៍ (John Earnest) ហើយបាន ប្រើប្រាស់កាំភ្លើងប្រភេទពាក់កណ្តាលស្វ័យប្រវត្តិ AR-15 ដើម្បីធ្វើសកម្មភាព។ ជនរូបនេះត្រូវបានចោទប្រកាន់ពីបទមនុស្សឃាត ព្រមទាំងប៉ុនប៉ងសម្លាប់មនុស្ស ហើយអាជ្ញាធរអាមេរិកហៅទង្វើនេះថា ជាបទឧក្រិដ្ឋស្អប់ខ្ពើមពូជសាសន៍៕





Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម