រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយទីក្រុងប៉ារីស បើកសិក្ខាសាលាបច្ចេកទេសស្តីពី ប្លង់អភិវឌ្ឍន៍តំបន់ប៉ែកខាងត្បូងរាជធានីភ្នំពេញ

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយទីក្រុងប៉ារីស បានបើកសិក្ខាសាលាបច្ចេកទេសស្តីពី ប្លង់អភិវឌ្ឍន៍តំបន់ប៉ែកខាងត្បូងរាជធានីភ្នំពេញ និងគម្រោងសិក្សាកែលំអរតីរវិថីព្រះស៊ីសុវត្ថិ ឲ្យបានល្អប្រសើរទៅតាមកំណើនប្រជាសាស្ត្ររបស់ប្រជាជនទីក្រុង បង្កលក្ខណៈឲ្យពួកគាត់រស់នៅតាមបែបស៊ីវិល័យ នៃទីក្រុងវៃឆ្លាត។

សិក្ខាសាលាដែលបានបើកធ្វើនាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩នេះ មានការអញ្ជើញចូលរួមពីលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកស្រី អេឡូឌី គូយកា តំណាងសាលាក្រុងប៉ារីស។ សិក្ខាសាលានេះ ក្រោមកិច្ចសហការទ្វេភាគីលើវិស័យនគររូបនីយកម្ម ក្នុងន័យជំរុញការគិតគូរអំពីបញ្ហាលំហសាធារណៈ អនាម័យ បរិស្ថាន និងសោភណ្ឌភាពទីក្រុង ដើម្បីឆ្លើយតបទៅនឹងគោលការណ៍នគររូបនីយបញ្ញតិ្ត និងភាពរីកចំរើនយ៉ាងឆាប់រហ័សរបស់រាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានថ្លែងថា ការសិក្សាបច្ចេកទេស នេះធ្វើឡើងបន្តពីការសិក្សាដែលរដ្ឋបាលរាជធានីភ្នំពេញ បានធ្វើឡើងអស់រយៈពេលជាង២ឆ្នាំមកហើយ។ សិក្ខាសាលានេះ ក្នុងគោលបំណងរកធាតុចូល ការចូលរួមផ្ដល់មតិយោបល់ បទពិសោធន៍ បំពេញបន្ថែមផ្នែកបច្ចេកទេស និងគោលការណ៍ច្បាប់ដែលត្រូវលើកយកមកពិភាក្សា។

លោក ឃួង ស្រេង បានបន្តថា ការពិភាក្សាធ្វើឡើងលើ២ចំណុច រួមមាន៖

*ទី១៖ ពិភាក្សាទៅលើការកែលំអរដងតីរះវិថីព្រះស៊ីសុវត្ថិ ដែលក្នុងផ្នែកនេះ យើងនឹងពិនិត្យពិភាក្សាលើទិដ្ឋភាពលំហូរចរាចរណ៍, ការសិក្សារៀបចំឲ្យមានការតភ្ជាប់លំ ហរបៃតងនៅតាមដងទន្លេសាប
*ទី២៖ ពិភាក្សាលើការធ្វើសមាហរណ៍កម្មគំរោងអភិវឌ្ឍន៍នៅតំបន់ភាគខាងត្បូងរាជធានីភ្នំពេញ ដែលក្នុងផ្នែកនេះ យើងក៏នឹងពិនិត្យពិភាក្សាទៅលើទិដ្ឋភាព នៃការសិក្សារៀបចំឲ្យិមានចរន្តតភ្ជាប់រវាងបណ្តាញផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធ នៃគំរោងអភិវឌ្ឍន៍នានាដែលនឹងកើតមាននាពេលអនាគត បន្ស៊ីគ្នាទៅនឹងហេដ្ឋារចនាសម្ព័ន្ធមានស្រាប់ និងសិក្សារៀបចំឲ្យមានការតភ្ជាប់រវាងលំហបៃតង និងបណ្តាញការពារទឹកជំនន់រវាងតំបន់ភាគខាងត្បូង និងតំបន់ជុំវិញ។

លោកបានបន្តទៀតថា ធាតុចូលទាំងឡាយ ដែលទទួលបានតាមរយៈអង្គសិក្ខាសាលាក្នុងពេលនេះ នឹងត្រូវបានប្រើប្រាស់ជាត្រីវិស័យសំរាប់តម្រង់ទិស និងបំពេញបន្ថែមចំណុចខ្វះខាត ដើម្បីឲ្យការសិក្សាប្លង់អភិវឌ្ឍន៍តំបន់ប៉ែកខាងត្បូងរាជធានីភ្នំពេញ និងគំរោងសិក្សាកែលំអរតីរះវិថីព្រះស៊ីសុវត្ថិឲ្យកាន់តែមានសុក្រឹត្យភាព គ្រប់ជ្រុងជ្រោយ និងមានសនិទានភាពក្នុងការអនុវត្ត៕































Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម