ជំនួបកំពូលដំបូងបំផុតរវាងលោក វ្ល៉ាឌីមៀ ពូទីន និងលោក គីម ជុងអ៊ុន ទំនងជានឹងកើតឡើងនៅសប្តាហ៍ក្រោយនេះ!

(សេអ៊ូល)៖ ជំនួបកំពូលជាលើកដំបូងបំផុតរវាងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងប្រធានាធិបតីរុស្ស៊ី លោក វ៉ា្លឌីមៀ ពូទីន ទំនងជាអាចនឹងធ្វើឡើងនៅសប្ដាហ៍ក្រោយនេះ ខណៈបេសកជនពិសេសអាមេរិក លោក ស្ទេហ្វិន ប៊ីហ្គាន់ (Stephen Biegun) ផ្ដើមបំពេញទស្សនកិច្ចក្នុងទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ីនៅថ្ងៃពុធសប្ដាហ៍នេះ។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០១៩។
ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូងយ៉ុនហាប់ ធ្វើសេចក្ដីរាយការណ៍ដូចខាងលើនេះ បន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍កូរ៉េខាងជើង Air Koryo ត្រូវបានគេរាយការណ៍ថា នឹងមានជើងហោះហើរពិសេសមួយហោះទៅកាន់ទីក្រុង វ្ល៉ាឌីវ៉ូស្តូក (Vladivostok) ប្រទេសរុស្ស៊ីជាប់ព្រំដែនកូរ៉េខាងជើង​នៅសប្ដាហ៍ក្រោយ។ ម្យ៉ាងវិញទៀត ព័ត៌មាននេះទៀតសោត ក៏បានធ្វើឱ្យគេកាន់តែជឿជាក់ផងដែរថា លោក គីម និងលោក ពូទីន អាចនឹងជួបគ្នានៅក្នុងទីក្រុង Vladivostok នៅថ្ងៃពុធសប្ដាហ៍ក្រោយនេះ អំឡុងពេលដែលលោក ពូទីន ធ្វើដំណើរទៅកាន់ប្រទេសចិន ដើម្បីចូលរួមសន្និសីទអន្តរជាតិមួយ។
គួរជម្រាបថា ក្រសួងការបរទេសរុស្ស៊ីធ្លាប់បានអះអាងជាច្រើនដងថា ខ្លួនកំពុងត្រៀមរៀបចំជំនួបកំពូលរវាងលោក ពូទីន និងលោក គីម បើទោះបីជាខាងទីក្រុងព្យុងយ៉ាងវិញ មិនទាន់ទទួលស្គាល់ជាផ្លូវការក៏ដោយ។ ចំណែកឯ អ្នកជំនាញខ្លះក៏យល់ឃើញផងដែរថា ជំនួបខាងលើនេះនឹងមានលទ្ធភាពខ្ពស់ ក្នុងការកើតឡើងនាពេលឆាប់ៗនេះ ពីព្រោះកូរ៉េខាងជើងត្រូវការការធានា និងការគំាទ្រពីរុស្ស៊ី ដើម្បីប្រឈមមុខនឹងទណ្ឌកម្មអាមេរិក ក្រោយជំនួបកំពូលអាមេរិក-កូរ៉េខាងជើង​ក្នុងទីក្រុងហាណូយ ដែលបានទទួលបរាជ័យកាលពីចុងខែកុម្ភៈ កន្លងទៅ៕

Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម