សម្តេចតេជោ ហ៊ុន សែន ប្រកាសហៅលោក លឺ ឡាយស្រេង ឱ្យត្រឡប់ចូលប្រទេស ហើយប្រាប់ថា គ្មាននរណាចាប់ទេ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសហៅ លោក លឺ ឡាយស្រេង​ អតីត​មន្ត្រី​ជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិច ឱ្យត្រឡប់ចូលមកប្រទេសកម្ពុជាវិញ ដោយបញ្ជាក់ថា គ្មាននរណាចាប់នោះទេ បន្ទាប់ពីព្រឹទ្ធចារ្យរូបនេះស្នើសុំចូលប្រទេស។
ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩នេះ ក្នុងឱកាសប្រគល់សញ្ញាបត្រជូននិស្សិតវិទ្យាស្ថានវ៉ាន់ដា។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «មានតាមួយនោះ នរណាដេញតាឯង? ម៉េចក៏មិនមកស្រុកមក ឃើញបាងកកប៉ុស្តិ៍ចុះ ដែលគេធ្វើវីដេអូឡាយ សុំចូលមកស្រុក សម្តេចអើយ សុំចូលមកងាប់នៅស្រុក អញ្ជើញមកចុះ លោកតា គ្មាននរណាគេចាប់ទេទៅ ! ខ្ញុំក៏មិនចាំបាច់ធ្វើសំបុត្រលើកលែងទោសអីឱ្យតាឯងដែរ។ តាឯង អ្នកនិយាយ ខ្ញុំក៏និយាយទៅវិញ ឥឡូវបើកឱ្យ លឺ ឡាយស្រេង ចូលស្រុកមកខ្ញុំប្រកាសហៅ បក់ដៃហៅ តាអើយតាត្រឡប់មកវិញមក តែសូមកុំឡប់តទៅទៀត កុំហៅព្រះមហាក្សត្រសុទ្ធតែថា "មាន់គ្រៀវ" ជាការប្រមាថ តែប៉ុណ្ណឹងទេ»។
ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពី លោក លឺ ឡាយស្រេង បានបង្ហោះវីដេអូ មួយពីទីក្រុងបាងកកប្រទេសថៃ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ ​ដោយអះអាងថា លោក​នឹក​ស្រុក ហើយ​ចង់​វិល​មក​វិញ​ឆាប់ៗ​នេះ ប្រសិន​បើ​សម្តេចតេជោ ហ៊ុន សែន ​អភ័យ​ទោស​ឲ្យ​លោក ដែលបានចាកចេញពីប្រទេសកម្ពុជា រយៈពេលជាង១ឆ្នាំមកនេះ។
សម្តេចតេជោ ហ៊ុន សែន បានព្រមានដល់ លោក លឺ ឡាយស្រេង កុំនិយាយប្រមាថដល់ព្រះមហាក្សត្រ ហើយឱ្យលោកធ្វើជាមនុស្សស្មោះត្រង់។ សម្តេចបានអះអាងថា លោក លឺ ឡាយស្រេង គឺជាអ្នកបង្ករឿងដោយខ្លួនឯង ហើយក៏ចាកចេញពីប្រទេសខ្លួនឯងដែរ។ សម្តេចក៏បានបកអាក្រាតថា លោក លឺ ឡាយស្រេង ជាមនុស្សក្រឡេច​ក្រឡុច ដែលនៅខាងមុខសម្តេចនិយាយផ្សេង ហើយនៅក្រោយសម្តេចនិយាយផ្សេង។
សម្តេចក៏បានជំរុញឱ្យ លោក អង្គ វង្សវឌ្ឍានា សិក្សាអំពីការស្នើលើកលែងទោសដល់ លោក លឺ ឡាយស្រេងផងដែរ បើសិនមានការពាក់ព័ន្ធនឹងការផ្តន្ទាទោសព្រហ្មទណ្ឌ។
សូមបញ្ជាក់ថា លោក លឺ ឡាយស្រេង កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសឱ្យសងជំងឺចិត្ត៥០០លានរៀល និងចំនួន៨លានរៀលចូលថវិការដ្ឋ​ ករណីប្រមាថព្រះចេស្តាព្រះមហាក្សត្រ និងបរិហាកេរ្តិ៍ជាសាធារណៈ ដែលប្តឹងដោយលោក គី តិច មេធាវីតំណាងដោយអាណត្តិរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា៕

Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម