ស្ថានការណ៍ផុយស្រួយ! ប្រធានាធិបតីវេណេស៊ុយអេឡា «បញ្ជាកងទ័ពឲ្យប្រុងជើងការកម្រិតខ្ពស់» ព្រោះអាមេរិកកំពុងលេងល្បែងថ្មី

(ការ៉ាកាស់)៖ ប្រធានាធិបតីវេណេស៊ុយអេឡាលោក នីកូឡាស់ ម៉ាឌូរ៉ូ បានប្រកាសដាក់កងទ័ព ឱ្យស្ថិតនៅក្នុងលក្ខណៈប្រុងជើងការកម្រិតខ្ពស់ ដើម្បីទប់ស្កាត់យុទ្ធសាស្ត្រដុតបញ្ឆេះសង្រ្គាមថ្មី​របស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសវេណេស៊ុយអេឡា តាមរយៈការវាយប្រហារលើ​សេវាសាធារណៈ ជាពិសេសការដាច់ចរន្តអគ្គិសនី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន RT នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៤ ខែមេសា ឆ្នាំ២០១៩។
តាមរយៈកញ្ចក់ទូរទស្សន៍រដ្ឋនៅថ្ងៃពុធសប្ដាហ៍នេះ​លោក ម៉ាឌូរ៉ូ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «វេណេស៊ុយអេឡាកំពុងបង្ហាញ ប្រាប់ពិភពលោកពីយុទ្ធសាស្ត្រដុតបញ្ឆេះសង្រ្គាមស៊េរីថ្មី... វាមិនមែនជាសង្រ្គាមឈ្លានពានដោយផ្ទាល់ ការទម្លាក់គ្រាប់ ឬការបាញ់មីស៊ីលទៀតនោះទេ ប៉ុន្តែវាគឺជាកម្ទេចសេវាសាធារណៈ តាមរយៈការវាយប្រហារព័ត៌មានវិទ្យា និងអេឡិចត្រូម៉ាញ៉េទិច សំដៅញុះញង់ឱ្យមានជម្លោះផ្ទៃក្នុង និងបង្កភាពវឹកវរ​នៅក្នុងប្រទេសវេណេស៊ុយអេឡា»។
លើសពីនេះទៅទៀត លោក ម៉ាឌូរ៉ូ ក៏បានចោទប្រកាន់ផងដែរថា ក្រុមគណបក្សប្រឆាំងកំពុងចូលរួមក្នុងផែនការឧក្រិដ្ឋនេះ ដោយទាញប្រយោជន៍ពីភាពចលាចល ដើម្បីសម្លាប់រូបលោក និងអ្នកគាំទ្ររបស់លោក។ ដូច្នេះលោកបានអំពាវនាវឱ្យ​ទីភ្នាក់ងារស៊ើបការណ៍សំងាត់ និងកងទ័ពទាំងអស់ប្រុងជើងការខ្ពស់ ហើយថាប្រជាជនវេណេស៊ុយអេឡា គួរតែចូលរួមក្នុងការទប់ស្កាត់រាល់ការគំរាមកំហែង។
គួរបញ្ជាក់ថា ការលើកឡើងខាងលើរបស់លោក ម៉ាឌូរ៉ូ កើតមានឡើងនៅចំពេលរដ្ឋាភិបាលរបស់លោក​ កំពុងប្រឈមមុខនឹង វិបត្តិសេវាសាធារណៈយ៉ាងធ្ងន់ធ្ងរ ជាពិសេសគឺការដាច់ចរន្តអគ្គិសនី ដែលលោកផ្ទាល់ទទួលស្គាល់ថា នៅតែជាបញ្ហាធ្ងន់ធ្ងរ៕

Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម