ប្រធានាធិបតីស្រីលង្កា «ទទួលស្គាល់ថា ISIS ពាក់ព័ន្ធការបំផ្ទុះគ្រាប់បែក ស្លាប់មនុស្សជាង២៥០នាក់» និងច្រានចោលការទាមទារឲ្យលោកចុះចេញពីតំណែង

(កូឡុំបូ)៖ បណ្តាស្ថាប័នស៊ើបការណ៍សម្ងាត់របស់ស្រីលង្កាជឿជាក់ថា ក្រុមអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតកាលពីថ្ងៃបុណ្យ Easter នៃក្រុមអ្នកកាន់សាសនាគ្រិស្តកន្លងទៅនេះ ពិតជាមានទំនាក់ទំនងជាមួយក្រុមភេរវករ ISIS។ នេះយោងតាមសម្តីប្រធានាធិបតីស្រីលង្កា ដកស្រង់ដោយសារព័ត៌មាន CNN នៅរសៀលថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ២០១៩។
ប្រធានាធិបតីស្រីលង្កា លោក ម៉ៃស្រ៊ីផាឡា ស៊ីរីសេណា (Maithripala Sirisena) បាននិយាយថា ក្រុមភេរវករ ISIS ទំនងជាបានផ្តល់ការហ្វឹកហាត់មកឲ្យក្រុម ជនដៃនៃការវាយប្រហារកាលពីជាងសប្តាហ៍មុន ហើយ ISIS និងក្រុមសកម្មប្រយុទ្ធជ្រុលនិយម នៅប្រទេសស្រីលង្កា អាចមាន ចំណងទាក់ទងជាមួយគ្នា ជាយូរឆ្នាំមកហើយ។
ទន្ទឹមគ្នានេះ លោក Sirisena បានច្រានចោលនូវការមតិមួយចំនួនដែលថា លោកគួរតែចុះចេញពីតំណែង ដោយសារភាពបរាជ័យ ក្នុងការទប់ស្កាត់គម្រោងភេរវកម្មដ៏អាក្រក់ ដែលបានផ្តាច់ជីវិតមនុស្សជាង ២៥០នាក់ និងបង្កឲ្យរបួសខ្ទង់ ៥០០នាក់ ខណៈបើទោះបីជាបានទទួលដំណឹងសម្ងាត់មុនក៏ដោយ។ ផ្ទុយទៅវិញ លោកប្រធានាធិបតីស្រីលង្កា បានបន្ទោសលើក្រុមមន្រ្តីក្នុងជួររដ្ឋាភិបាល របស់លោកសម្រាប់ការអសមត្ថភាពនេះ និងថារូបលោកមិនត្រូវបានមន្រ្តីទាំងនោះ ចែករំលែកឲ្យដឹងពីព័ត៌មានសម្ងាត់ ដែលទទួលបានឡើយ។
មិនតែប៉ុណ្ណោះ លោក Sirisena និយាយវាយបកទៅលើការរិះគន់ដែលថា វិវាទផ្នែកនយោបាយរវាងលោក និងនាយករដ្ឋមន្រ្តីស្រីលង្កា បានបង្កើតឲ្យមានចន្លោះប្រហោងក្នុងរដ្ឋាភិបាល ដែលបើកផ្លូវឲ្យការវាយប្រហារបែបនេះ អាចកើតមានឡើងទៅបាន៕

Comments

Popular posts from this blog

ធនាគារជាតិនៃកម្ពុជា៖ អ្នកដាក់ប្រាក់ញ្ញើមានជាង៦លាននាក់ ខណៈអ្នកខ្ចីប្រាក់មាន២.៨៥លាននាក់ ក្នុងឆ្នាំ២០១៨

ប្រធានគណបក្សប្រជាជនខេត្តព្រះវិហារ ជំរុញឲ្យប្រធានក្រុមបក្សតាមមូលដ្ឋានទាំងអស់ ត្រូវរួមសហការជាមួយមន្ត្រីជំនាញ ដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ ឲ្យបានទាន់វេលា

កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ «កិច្ចសហប្រតិបត្តិការទីផ្សារ មូលធនក្នុងតំបន់ទន្លេមេគង្គ» !