ពាក់ព័ន្ធនឹងអំពើភេរវកម្មកក្រើកស្រីលង្កា ប៉ូលិសឥណ្ឌាចុះឆែកឆេរនៅរដ្ឋ Kerala ស្ថិតនៅភាគខាងត្បូងប្រទេស

(ញូដេលី)៖ ប៉ូលិសឥណ្ឌាបានចុះឆែកឆេរផ្ទះជនសង្ស័យ ០៣នាក់ក្រោមក្របខណ្ឌ នៃការស៊ើបអង្កេតលើករណីសង្ស័យថា មនុស្ស១៥នាក់បានចេញពីប្រទេសឥណ្ឌា ទៅចូលរួមជាមួយក្រុម ISIS តែមួយសប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីមានការវាយប្រហារ ភេរវកម្មបំផ្ទុះគ្រាប់បែកអត្តឃាតសម្លាប់មនុស្សច្រើនជាង ២៥០នាក់ នៅប្រទេសស្រីលង្កា។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃចន្ទ ទី២៩ ខែមេសា ឆ្នាំ២០១៩។

ប៉ូលិសឥណ្ឌាបានឱ្យដឹងទៀតថា ប្រតិបត្តិការវាយឆ្មក់ខាងលើធ្វើឡើងកាលពីថ្ងៃអាទិត្យ នៅក្នុងផ្ទះចំនួន ០៣ខ្នង របស់ជនសង្ស័យចំនួន ០៣នាក់នៅឯរដ្ឋគែរ៉ាឡា (Kerala) ភាគខាងត្បូងនៃប្រទេសឥណ្ឌា។ លើសពីនេះទៅទៀត នៅក្នុងប្រតិបត្តិការនេះដែរ ប៉ូលិសបានរឹបអូសទូរស័ព្ទជាច្រើនគ្រឿង SIM cards, ឧបករណ៍ស្ដុកទុកទិន្នន័យឌីជីថល រួមទាំងកំណត់ហេតុប្រចាំថ្ងៃសរសេរដោយដៃ ជាភាសាម៉ាឡេយ៉ាឡាម (Malayalam) និងអារ៉ាប់។

គួរជម្រាបថា ការវាយប្រហារបំផ្ទុះគ្រាប់បែកនៅក្នុងប្រទេសស្រីលង្កា កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន កំពុងបង្កការព្រួយបារម្ភយ៉ាងខ្លាំងដល់សន្តិសុខនៅក្នុងតំបន់ ខណៈអ្នកជំនាញខ្លះខ្លាចក្រែងថាក្រុម ISIS អាចនឹងពង្រីកឥទ្ធិពលរបស់ខ្លួនឡើងវិញ
នៅតាមបណ្ដារដ្ឋនៃមហាសមុទ្រឥណ្ឌា ឬអាស៊ីខាងត្បូង៕







Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម