ក្តៅគគុក! កងទ័ពឧត្តមសេនីយ Khalifa វាយដណ្តើមបានមូលដ្ឋានជាយទីក្រុងទ្រីប៉ូលី បន្ទាប់ពីអាមេរិកដកកងទ័ពចេញ ចំពោះមុខស្ថានការណ៍អាសន្ន

(លីប៊ី)៖ កងទ័ពជាតិលីប៊ី (LNA) ដឹកនាំដោយឧត្ដមសេនីយលោក ខាលីហ្វា អាហ្វតា (Khalifa Haftar) បានវាយដណ្ដើមយកមូលដ្ឋានយោធា យ៉ាមុក (Yarmuk) ស្ថិតនៅភាគខាងត្បូងនៃទីក្រុងទ្រីប៉ូលីហើយយ ខណៈកងទ័ពអាមេរិកត្រូវ​បានដកចេញពីទីនោះ នៅមុនទ័ពរបស់រដ្ឋាភិបាលលីប៊ីភាគខាងកើតចូលមកដល់។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅរសៀលថ្ងៃចន្ទ ទី០៨ ខែមេសា ឆ្នាំ២០១៩។

កាលពីសប្ដាហ៍មុនលោក Haftar បានប្រកាសបើកប្រតិបត្តិការវាយលុកលើទីក្រុងទ្រីប៉ូលី ក្រោមគោលបំណងបោសសំអាតក្រុមសកម្មប្រយុទ្ធខុសច្បាប់ ចេញពីទីក្រុងមួយនេះ។ ដោយឡែកកាលពីថ្ងៃទី០៧ ខែមេសា កងទ័ពរដ្ឋាភិបាលទីក្រុងទ្រីប៉ូលីបានអះអាងថា ខ្លួនបានធ្វើការវាយបកវិញ ដោយដណ្ដើមគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិទ្រីប៉ូលី តែព័ត៌មាននេះត្រូវបានខាង LNA បដិសេធ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកក៏បានទាមទារឲ្យកម្លាំងយោធារបស់មេទ័ព ដែលគ្រប់គ្រងតំបន់ភាគខាងកើតលីប៊ី គឺលោក ខាលីហ្វា អាហ្វតា (Khalifa Haftar) បញ្ឈប់សកម្មភាពវាយលុកលើទីក្រុងលីប៊ីជាបន្ទាន់។ ប្រទេសលីប៊ីនៅតែបន្តស្ថិតក្នុង​សភាពប្រេះឆា ក្រោយពីមានសង្រ្គាមជាច្រើនឆ្នាំ ដែលកើតចេញពីការបះបោរមួយ​គាំទ្រដោយអង្គការ NATO ដែលឈានទៅដល់ការធ្វើឃាត អតីតមេដឹកនាំលីប៊ីលោក មួអាមម៉ា ហ្គាដាហ្វី (Muammar Gaddafi)។

ចាប់ពីពេលនោះមក គឺពុំមានវត្តមានរដ្ឋាភិបាលកណ្តាលរួមណាមួយឡើយ គឺមានតែរដ្ឋាភិបាលគ្រប់គ្រងនៅតំបន់ ភាគខាងលិចលីប៊ី ដែលមានលោក Fayez Sarraj ជាប្រមុខ និងទទួលការគាំទ្រដោយ អង្គការសហប្រជាជាតិ និងមួយទៀតគឺតំបន់ភាគខាងកើតលីប៊ី (ប៊ែលហ្គាស៊ី) ដែលគ្រប់ដោយមេទ័ពឈ្មោះ Khalifa Haftar ដែលមានទំនោរទៅរករុស្ស៊ី៕













Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម