ក្រុមធ្វើឃាតអ្នកកាសែត Khashoggi នៅក្នុងស្ថានកុងស៊ុលតួកគី ធ្លាប់ទទួលការហ្វឹកហ្វឺនជំនាញលើទឹកដីអាមេរិក, នេះបើតាមវ៉ាស៊ីនតោនប៉ុស្តិ៍

(វ៉ាស៊ីនតោន)៖ សារព័ត៌មានអាមេរិក Washington Post បានចេញផ្សាយថា ទីភ្នាក់ងារមួយចំនួនរបស់អារ៉ាប៊ីសាអូឌីត ដែលត្រូវបានគេចោទថា មានជាប់ពាក់ព័ន្ធនឹងអំពើឃាតកម្ម លើអ្នកកាសែតលោក ចាម៉ាល់ ខាសហូកជី (Jamal Khashoggi) គឺទទួលការបណ្ដុះបណ្ដាលនៅក្នុងសហរដ្ឋអាមេរិក ក្រោមក្របខណ្ឌ នៃគម្រោងជួយធ្វើទំនើបកម្មការស៊ើបការណ៍សំងាត់របស់អារ៉ាប៊ីសាអូឌីត ពីសំណាក់ទីក្រុងវ៉ាស៊ីនតោន។ នេះបើតាមការដកស្រង់ចេញផ្សាយដោយ សារព័ត៌មាន RT នៅរសៀលថ្ងៃចន្ទ ទី០១ ខែមេសា ឆ្នាំ២០១៩។

យោងតាម Washington Post ទីភ្នាក់ងារអារ៉ាប៊ីសាអូឌីតមួយចំនួនខាងលើ គឺជាសមាជិកក្រុមឈ្មោះ ក្រុមឈ្លបចូលពិសេសអារ៉ាប៊ីសាអូឌីត (Saudi Rapid Intervention Group) ដែលត្រូវបានចោទប្រកាន់ថា ត្រូវបានគេបញ្ជូនទៅកាន់ស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីត ប្រចាំទីក្រុងអ៊ីស្ដង់ប៊ូល ប្រទេសតួកគី កាលពីខែតុលា ឆ្នាំ២០១៨ ដើម្បីសម្លាប់ លោក Khashoggi។ អ្នកទាំងនេះធ្លាប់ទទួលបានការ បណ្ដុះបណ្ដាលនៅក្នុងសហរដ្ឋអាមេរិក ក្រោមកម្មវិធីដែលទទួលបានអាជ្ញាបណ្ណ ពីក្រសួងការបរទេសអាមេរិក។

កាសែតអាមេរិកនេះដដែល បានបញ្ជាក់ទៀតថា អនុប្រធានទីភ្នាក់ងារស៊ើបការណ៍ សំងាត់ជាតិ អារ៉ាប៊ីសាអូឌីត លោក អាហ៍ម៉េដ អាល់អាស្ស៊ឺរី (Ahmed al-Assiri) និងមន្ត្រីសន្តិសុខជាន់ខ្ពស់ លោក ម៉ាហ៊ែរ មូត្រេប (Maher Mutreb) ក៏ស្ថិតនៅក្នុងចំណោមអ្នកទទួលការបណ្ដុះបណ្ដាល នៅសហរដ្ឋអាមេរិកផងដែរ។

គួរបញ្ជាក់ថា អតីតអ្នកកាសែត Washington Post លោក Jamal Khashoggi ត្រូវបានគេសម្លាប់យ៉ាងអាថ៌កំបាំង នៅក្នុងស្ថានកង់ស៊ុលអារ៉ាប៊ីសាអូឌីត ប្រចាំទីក្រុងអ៊ីស្ដង់ប៊ូល ប្រទេសតួកគី កាលពីខែតុលា ឆ្នាំ២០១៨។ រីឯមន្ត្រីតួកគី និងទីភ្នាក់ងារស៊ើបការណ៍ សំងាត់អាមេរិក CIA ផ្ទាល់ក៏បានសន្និដ្ឋានដែរថា ព្រះអង្គម្ចាស់រាជទាយាទអារ៉ាប៊ីសាអូឌីត មហាំម៉ាត់ ប៊ិន សាល់ម៉ាន់ គឺជាអ្នកបញ្ជាឱ្យគេសម្លាប់អ្នកកាសែតរូបនេះ។ ប៉ុន្តែសេតវិមាន និងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានច្រាលចោលរាល់ការចោទប្រកាន់ លើព្រះអង្គម្ចាស់ប៊ិនសាល់ម៉ាន់៕









Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម