លោក ម៉ាឌូរ៉ូ ជំរុញលើកទឹកចិត្តឲ្យយោធាវេណេស៊ុយអេឡា បន្តបង្រ្កាបរាល់ក្រុមដែលមានបំណងអាក្រក់ចង់ធ្វើរដ្ឋប្រហារ

(ការ៉ាកាស់)៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ នាថ្ងៃព្រហស្បតិ៍នេះ បានអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធ នៃប្រទេសវេណេស៊ុយអេឡា បន្តប្រឆាំងរាល់ក្រុមដែលមានបំណងរៀបចំផែនការធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលរបស់លោក។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានបារាំង AFP នៅយប់ថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០១៩។

ដោយបង្ហាញខ្លួនជាមួយវត្តមានរបស់កងកម្លាំងយោធាវេណេស៊ុយអេឡា ក្នុងព្រឹត្តិការណ៍មួយតាមកញ្ចប់ទូរទស្សន៍ លោក ម៉ាឌូរ៉ូ បានប្រកាសដូច្នេះថា «ជាក់ការពិត ពួកយើងកំពុងស្ថិតក្នុងសមរភូមិ ដូច្នេះហើយត្រូវរក្សាស្មារតី ភាពជឿជាក់ក៏ដូចជាវិន័យឲ្យបាន ល្អនៅក្នុងការប្រយុទ្ធនេះ ដើម្បីទប់ទល់ជាមួយក្រុមជនក្បត់ដែលមានផែនការអាក្រក់ចង់ធ្វើរដ្ឋប្រហារ»។

គួរជម្រាបថា ស្ថានការណ៍នៅក្នុងប្រទេសវេណេស៊ុយអេឡា បានតានតឹងឡើងមួយកម្រិតទៀតក្នុងសប្តាហ៍នេះ នៅពេលដែលមេបក្សប្រឆាំងវេណេស៊ុយអេឡា លោក Juan Guaido បានប្រកូកប្រកាសឲ្យយោធាងើបបះបោរប្រឆាំង លោក ម៉ាឌូរ៉ូ ហើយក៏មានសេចក្តីរាយការណ៍ថា ក្រុមយោធាមួយក្តាប់តូចបានអនុវត្តន៍ផែនការធ្វើរដ្ឋប្រហារ ដើម្បីព្យាយាមទម្លាក់ លោក ម៉ាឌូរ៉ូ ពីអំណាច តាមការអំពាវនាវរបស់លោក Guaido។ ប៉ុន្តែរដ្ឋមន្រ្តីការពារជាតិវេណេស៊ុយអេឡា បានអះអាងថា រដ្ឋប្រហារនេះត្រូវបានបង្រ្កាប ខណៈបាតុកររាប់សិបនាក់រងរបួស ក្នុងការប៉ះទង្គិចដ៏ហិង្សាជាមួយកងកម្លាំងសន្តិសុខរដ្ឋាភិបាល៕

Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម