អាមេរិកព្រមានជាថ្មី៖ «បើអ៊ីរ៉ង់ហ៊ានវាយប្រហារសម្ព័ន្ធមិត្តអាមេរិក នោះអាមេរិកនឹងឆ្លើយតបវិញ ដោយមិនបង្អង់ដៃឡើយ»

(វ៉ាស៊ីនតោន)៖ ចំពោះមុខការកើនឡើងនៃភាពតានតឹងជាមួយប្រទេសអ៊ីរ៉ង់ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) បានសម្រេចលុបចោលដំណើរទស្សនកិច្ចទៅកាន់កោះ គ្រីនឡេន (Greenland) របស់ដាណឺម៉ាកស្ថិតនៅទ្វីបអាមេរិកខាងជើង និងបានចេញសេចក្តីថ្លែងការណ៍ព្រមានអ៊ីរ៉ង់ថា បើមានការវាយប្រហារណាមួយមកលើកងទ័ព ក៏ដូចជាសម្ព័ន្ធមិត្តរបស់អាមេរិក នៅតំបន់មជ្ឈិមបូព៌ានោះ សហរដ្ឋអាមេរិកឆ្លើយតបទៅវិញដោយមិនបង្អង់ដៃឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ រសៀលថ្ងៃសុក្រ ទី១០ ខែឧសភា ឆ្នាំ២០១៩។

នៅក្នុងសេចក្តីថ្លែងការណ៍ ដែលចេញដោយក្រសួងការបរទេសអាមេរិក នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ លោក Pompeo បានព្រមានយ៉ាងដូច្នេះថា «រដ្ឋាភិបាលទីក្រុងតេហេរ៉ង់គួរតែយល់ឲ្យជាក់ច្បាស់ថា ការវាយប្រហារណាមួយ ដែលធ្វើឡើងដោយពួកគេ ឬក៏គ្នីគ្នារបស់ពួកគេប្រឆាំងមកលើកងទ័ព ឬក៏សម្ព័ន្ធមិត្តរបស់អាមេរិកនៅមជ្ឈិមបូព៌ា នឹងត្រូវទទួលរងការឆ្លើយតប​យ៉ាងចាស់ដៃភ្លាមៗត្រឡប់ទៅវិញ»។

គួរជម្រាបថា ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ទីក្រុងវ៉ាស៊ីនតោនបានបង្កើនសម្ពាធជាខ្លាំង ទៅលើទីក្រុងតេហេរ៉ង់ តាមរយៈការដាក់ទណ្ឌកម្ម និងការគំរាមកំហែងផ្នែកយោធាជាដើម។ កាលពីថ្ងៃពុធសប្តាហ៍នេះ ដែលត្រូវនឹងខួបមួយឆ្នាំនៃការប្រកាសដកខ្លួន របស់សហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ទីក្រុងវ៉ាស៊ីនតោន បានប្រកាសដាក់ទណ្ឌកម្មទៅលើផលិតផលលោហៈរបស់អ៊ីរ៉ង់ ហើយកាលពីថ្ងៃអាទិត្យកន្លងទៅ សហរដ្ឋអាមេរិកក៏បានប្រកាសពីការបញ្ជូន​កងនាវាផ្ទុកយន្តហោះចម្បាំង និងក្បួនយន្តហោះទម្លាក់គ្រាប់បែកទៅកាន់មជ្ឈិមបូព៌ាផងដែរ ដោយចោទថាអ៊ីរ៉ង់បង្កការគំរាមកំហែងដល់កងទ័ពអាមេរិក និង សម្ព័ន្ធមិត្តរបស់ទីក្រុងវ៉ាស៊ីនតោននៅតំបន់នេះ៕











Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម