កូរ៉េខាងជើងប្រកាសត្រៀមខ្លួន ធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ!

(ម៉ូស្គូ)៖ សារព័ត៌មានកូរ៉េខាងជើង KCNA បានឱ្យដឹងថា ទីក្រុងព្យុងយ៉ាងកំពុងត្រៀមខ្លួន ធ្វើសមយុទ្ធយោធាបាញ់មីស៊ីលរយៈចំងាយឆ្ងាយ ក្រោយទើបតែធ្វើតេស្ដមីស៊ីលរយៈចំងាយខ្លី ០២គ្រាប់កាលពីព្រហស្បតិ៍ ដែលធ្វើឲ្យ ស្ថានការណ៍នៅឧបទ្វីបកូរ៉កើនឡើងកម្តៅវិញបន្តិច។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅព្រឹកថ្ងៃសុក្រ ទី១០ ខែឧសភា ឆ្នាំ២០១៩។
ភាពតានតឹងនៅលើឧបទ្វីបកូរ៉េ បានផ្ទុះឡើងបន្តិចជាថ្មីកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីកូរ៉េខាងជើងបាញ់សាលល្បងមីស៊ីលរយៈចំងាយខ្លីចំនួន ០២គ្រាប់ ខណៈសហរដ្ឋអាមេរិកបានអះអាងថា ខ្លួនបានរឹបអូសនាវាដឹកធ្យូងថ្មមួយគ្រឿង របស់កូរ៉េខាងជើង។ នៅក្នុងបទអត្ថាធិប្បាយរបស់ខ្លួន KCNA បានបញ្ជាក់ថា ការធ្វើតេស្ដមីស៊ីលនេះ ត្រូវបានធ្វើក្រោមការត្រួតពិនិត្យដោយផ្ទាល់ពីលោក គីម ជុងអ៊ុន ហើយប្រមុខដឹកនាំកំពូលរូបនេះ ថែមទាំងបានបញ្ជាឱ្យយោធាកូរ៉េខាងជើង ត្រៀមខ្លួនធ្វើសមយុទ្ធយោធាបាញ់មីស៊ីល រយៈចំងាយឆ្ងាយទៀតផង។
លោក គីម ជុងអ៊ុន បានលើកឡើងយ៉ាងដូច្នេះថា «សន្តិភាព និងសន្តិសុខរបស់កូរ៉េខាងជើង គឺត្រូវបានធានាការពារដោយកម្លាំងយោធាដ៏រឹងមាំរបស់ខ្លួនឯង»។ ដោយឡែក ជុំវិញការធ្វើតេស្ដមីស៊ីលនេះដែរ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅ តែអះអាងដដែលពីការបន្តទំនាក់ទំនងជាមួយលោក គីម ជុងអ៊ុន។ លោក ត្រាំ បានប្រាប់អ្នកសារព័ត៌មាននានាយ៉ាងដូច្នេះថា «ទំនាក់ទំនងនៅតែបន្ត... ខ្ញុំដឹងថាពួកគេចង់ចរចា និងកំពុងនិយាយពីកិច្ចចរចា។ ប៉ុន្តែខ្ញុំគិតថា ពួកគេមិនទាន់ត្រៀមខ្លួនដើម្បីចរចានោះទេ»។
គួរបញ្ជាក់ថា បើតាមយោធាកូរ៉េខាងត្បូង មីស៊ីលដែលកូរ៉េខាងជើងបានធ្វើតេស្ដ កាលពីថ្ងៃព្រហស្បតិ៍ សរុបមាន ០២គ្រាប់ ក្នុងនោះមួយគ្រាប់ត្រូវបានគេបាញ់នៅម៉ោង ០៤៖២៩នាទីល្ងាច ដែលអាចមានរយៈចម្ងាយ ៤២០គីឡូម៉ែត្រ និងមួយគ្រាប់ទៀត ត្រូវបានបាញ់នៅរយៈពេល ២០នាទីក្រោយ ដែលអាចមានរយៈចម្ងាយ ២៧០គីឡូម៉ែត្រដោយមីស៊ីលទាំងពីរ បានហោះក្នុងរយៈកម្ពស់ប្រហែល ៥០គីឡូម៉ែត្រ និងឆ្ពោះទៅភាគខាងកើត ហើយធ្លាក់ចូលក្នុងសមុទ្រខាងកើត (សមុទ្រជប៉ុន)។
ក្នុងចំណោមមីស៊ីលទាំង ០២ មួយបានបាញ់ចេញពីតំបន់ ស៊ីណូរី (Sino-ri) និងមួយទៀតពី គូសុង (Kusong) ដែលស្ថិតនៅឯខេត្ត ព្យុងកាន (Pyongan) ខាងជើង ភាគពាយ័ព្យកូរ៉េខាងជើងដូចគ្នា៕

Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម