រដ្ឋបាលខេត្តកំពង់ស្ពឺ ប្រារព្ធពិធីបុណ្យចំរើនព្រះជន្មរបស់ព្រះមហាក្សត្រ ក្នុងគម្រប់ព្រះជន្ម៦៦ព្រះវស្សា យាងចូល ៦៧ព្រះវស្សា

(កំពង់ស្ពឺ)៖ នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ រដ្ឋបាលខេត្តកំពង់ស្ពឺ បានប្រារព្ធពិធីបុណ្យចំរើនព្រះជន្មរបស់ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជណាចក្រកម្ពុជា ក្នុងគម្រប់ព្រះជន្ម៦៦ យាងចូល ៦៧ព្រះវស្សា ក្រោមអធិបតីភាពលោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ព្រមទាំងមានការចូលរួមពីលោក លោកស្រី ជាមន្ត្រីរាជការ សមាជិកក្រុមប្រឹក្សាខេត្ត កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ។

លោក វ៉ី សំណាង បានអានសារថ្វាយព្រះពរដល់ព្រះអង្គថា ក្នុងឱកាសថ្ងៃចំរើនព្រះជន្មវស្សារបស់ព្រះមហាក្សត្រ ដែលបានប្រារព្ធឡើងនៅព្រឹកនេះថា ទូលបង្គំជាខ្ញុំ ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ព្រះសង្ឃ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋ ទូទាំងខេត្តកំពង់ស្ពឺ មានសេចក្តីសោមនស្សរីករាយជាទីបំផុត ក្នុងឱកាសដ៏សែននក្ខត្តឫក្សនិងថ្លៃថ្លាបំផុត នៃទិវាប្រារព្ធពិធីចម្រើនព្រះជន្មរបស់ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនេះ។

ក្នុងទិវាដ៏ឧត្តុងឧត្តម និងមហាថ្លៃថ្លានេះ ទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នា សូមធ្វើអភិវន្ទនកិច្ច ថ្វាយព្រះពរបវរមហាប្រសើរ សិរីសួស្តីជ័យមង្គល វិបុលសុខគ្រប់ប្រការ និងសូមលើកហត្ថាទាំងទ្វេ បួងសួងគុណបុណ្យព្រះរតនត្រ័យ គុណ កែវបី ទេវតារក្សាព្រះមហាស្វេតច្ឆ័ត្រ និងវត្ថុសក្តិសិទ្ធិក្នុងលោក ព្រមទាំងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ ព្រះបរមកោដ្ឋ សូមជួយប្រោសប្រសិទ្ធពរ និងបីបាច់រក្សា និងអភិបាលរក្សា ព្រះអង្គជាទីគោរពនិងសក្ការៈ សូមព្រះអង្គមានព្រះរាជព្រះសុខភាពបរិបូណ៌ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា ព្រះជន្មាយុយឺនយូរ និងទ្រង់គង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ក្នុងព្រះនាមព្រះមហាក្សត្រជាតិខ្មែរ ជានិច្ចនិរន្តរ៍តទៅ ៕



































Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម