រុស្ស៊ីប្តេជ្ញាបន្តជួយគាំទ្រលោក នីកូឡាស់ ម៉ាឌូរ៉ូ ដែលជាប្រធានាធិបតីស្របច្បាប់​របស់វេណេស៊ុយអេឡា

(ម៉ូស្គូ)៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ឺហ្គៃ ឡាវរ៉ូវ (Sergei Lavrov) បានបញ្ជាក់ជាថ្មីឡើងវិញពីសាមគ្គីភាពរបស់ទីក្រុងម៉ូស្គូ ជាមួយប្រជាជនវេណេស៊ុយអេឡា និងការបន្តគាំទ្រលោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ ដែលកំពុងប្រឈមមុខនឹងវិបត្តិនយោបាយ ស្ទើរតែគ្មានផ្លូវដោះស្រាយចេញនោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី០៦ ខែឧសភា ឆ្នាំ២០១៩។
លោក Lavrov ធ្វើការកត់សម្គាល់ដូចខាងលើនេះ បន្ទាប់ពីបញ្ចប់ជំនួបជាមួយសមភាគី​វេណេស៊ុយអេឡា លោក ហ្សក អារៀហ្សា (Jorge Arreaza) កាលពីថ្ងៃអាទិត្យ។ ស្ថិតក្នុងឱកាសនោះ ប្រមុខការទូតរុស្ស៊ីបានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «យើងសូមបញ្ជាក់ឡើងវិញពីសាមគ្គីភាព ជាមួយប្រជាជនវេណេស៊ុយអេឡា និងការបន្តគាំទ្រប្រធានាធិបតីស្របច្បាប់លោក នីកូឡាស់ ម៉ាឌូរ៉ូ ដែលត្រូវ បានបោះឆ្នោតជ្រើសរើសដោយប្រជាជនវេណេស៊ុយអេឡាកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨... ហើយយើងក៏ស្វាគមន៍ផងដែរ ចំពោះវិធានការរបស់លោក ម៉ាឌូរ៉ូ ក្នុងការទប់ស្កាត់ភាពចលាចលនៅពេលបច្ចុប្បន្ន»។
គួរបញ្ជាក់ថា បើតាមលោក Sergei Lavrov លោកនឹងពិភាក្សាពីស្ថានភាពវេណេស៊ុយអេឡា ជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ នៅក្នុងជំនួបរវាងអ្នកទាំងពីរ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃចន្ទនេះ នៅក្នុងប្រទេសហ្វាំងឡង់។ ចំណែកឯរដ្ឋមន្ត្រីការបរទេសវេណេស៊ុយអេឡា លោក Arreaza ក៏បានស្នើឱ្យលោកប្រមុខការទូតរុស្ស៊ីប្រាប់លោក ប៉ុមប៉េអូ ដែរថា កិច្ចសន្ទនាគឺមធ្យោបាយតែមួយគត់​ដែលអាចដោះស្រាយវិបត្តិ នៅក្នុងប្រទេសអាមេរិកឡាទីនមួយនេះ៕

Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម