វេណេស៊ុយអេឡានឹងមិនចុះចាញ់ ការគំរាមកំហែងរបស់អាមេរិកជាដាច់ខាត ទោះបីជាត្រូវរងទណ្ឌកម្មបន្ថែម, នេះបើតាមប្រធានតុលាការកំពូល

(ការ៉ាកាស់)៖ ប្រធានតុលាការកំពូលវេណេស៊ុយអេឡាបានអះអាងថា ប្រទេសនេះនឹងមិនចុះញ៉ម នោះឡើយ ចំពោះការគំរាមកំហែង គ្រប់សព្វបែបយ៉ាងរបស់សហរដ្ឋអាមេរិក បើទោះជាត្រូវប្រឈមមុខ នឹងការដាក់ទណ្ឌកម្មបន្ថែមទៀតក៏ដោយ។ នេះគឺជាការគូសបញ្ជាក់របស់ ប្រធានតុលាការកំពូលលោក ម៉ៃគែល ម៉ូរ៉េណូ (Maikel Moreno) ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែឧសភា ឆ្នាំ២០១៩។

លោក Moreno បានបញ្ជាក់ប្រាប់សារព័ត៌មាននៅក្នុងស្រុកវេណេស៊ុយអេឡា យ៉ាងដូច្នេះថា «យើងនឹងមិនចុះញ៉មចំពោះការគំរាមកំហែង ហើយយើងក៏នឹងមិនចុះចាញ់ ដោយសារតែសម្ពាធពីរដ្ឋាភិបាលបរទេសមួយ ដែលកំពុងព្យាយាមបំបែកបំបាក់ និងបំផ្លាញអធិបតេយ្យភាពរបស់យើងជាដាច់ខាត»។ ការលើកឡើងរបស់លោក Moreno គឺជាការឆ្លើយតបទៅនឹងអនុប្រធានាធិបតីអាមេរិក លោក ម៉ៃក៍ ភែន (Mike Pence) ដែលបានគំរាមដាក់ទណ្ឌកម្ម ប្រឆាំងនឹងចៅក្រមតុលាការកំពូលវេណេស៊ុយអេឡាទាំង ២៥រូប បើសិនជានៅតែបន្តគាំទ្រលោក នីកូឡាស់ ម៉ាឌូរ៉ូ។

គួរបញ្ជាក់ថា ទីភ្នាក់ងារស៊ើបការណ៍សំងាត់របស់លោក នីកូឡាស់ ម៉ាឌូរ៉ូ ជាច្រើននាក់បានចាប់ខ្លួនអនុប្រធានសភាជាតិវេណេស៊ុយអេឡា លោក អ៊ែដហ្គា ហ្សាំប្រាណូ (Edgar Zambrano) ហើយនេះគឺជាការចាប់ខ្លួនតំណាងរាស្ត្រដំបូងគេបំផុត ចាប់តាំងពីមានការប៉ុនប៉ងធ្វើរដ្ឋប្រហារទម្លាក់លោក ម៉ាឌូរ៉ូ ពីអំណាចមិនបានសម្រេច កាលពីសប្ដាហ៍មុន។

ការចាប់ខ្លួនខាងលើនេះបានកើតមានឡើងបន្ទាប់ពីសភាធម្មនុញ្ញ ដែលស្និទ្ធនឹងលោក នីកូឡាស់ ម៉ាឌូរ៉ូ បានដកអភ័យឯកសិទ្ធិរបស់លោក Zambrano និងតំណាងរាស្ត្រ៦នាក់ផ្សេងទៀតកាលពីថ្ងៃអង្គារសប្តាហ៍នេះ ដើម្បីបើកផ្លូវចោទប្រកាន់ និងកាត់ទោសអ្នកទាំងនេះពីបទចូលរួមក្នុងអំពើក្បត់ និងឧទ្ទាមប្រឆាំងរដ្ឋាភិបាលរបស់លោក៕









Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម