ព្យុះស៊ីក្លូនបិសាច Fani ដែលមិនធ្លាប់កើតមាន២០ឆ្នាំមកនេះ កំពុងបោកបក់លើឥណ្ឌាហើយ, មនុស្សជាង១លាននាក់ត្រូវជម្លៀស

(ញូដេលី)៖ អាជ្ញាធរឧតុនិយមឥណ្ឌាបានឱ្យដឹងថា ព្យុះស៊ីក្លូបិសាច ហ្វានី (Fani) បានបក់បោកទៅដល់តំបន់ដីគោកនៃឆ្នេរ ភាគខាងកើតនៃប្រទេសហើយថ្ងៃសុក្រនេះ ខណៈមានការព្រមានថា ព្យុះមួយនេះអាចនឹងបង្កជាគ្រោះទឹកជំនន់ និងការខូចខាតធ្ងន់ធ្ងរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០១៩។

យោងតាមអាជ្ញាធរឧតុនិយមឥណ្ឌា ព្យុះស៊ីក្លូន Fani កំពុងវាយប្រហារលើតំបន់ឆ្នេរ​ភាគខាងកើតនៃប្រទេស ជាពិសេសគឺរដ្ឋអូឌីសា (Odisha) ជាមួយកម្លាំងខ្យល់បក់ ១៨០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយនឹងកើនដល់ ២០០គីឡូម៉ែត្រក្នុងមួយម៉ោង។ មិនតែប៉ុណ្ណោះមនុស្សច្រើនជាង ១លាននាក់ ត្រូវបានជម្លៀសទៅរកកន្លែងមានសុវត្ថិភាព​ក្នុងរដ្ឋ Odisha ជាទីដែលគេរំពឹងថា ព្យុះមួយនេះនឹងបង្កការខូចខាតធ្ងន់ធ្ងរជាងគេ។ ចំណែកឯប្រជាជនរាប់ពាន់នាក់ក្នុងរដ្ឋ វែសត៍បិងហ្គាល់ (West Bengal) ក៏ត្រូវបានអាជ្ញាធរបង្គាប់ឱ្យជម្លៀសខ្លួនផងដែរ។

គួរបញ្ជាក់ថា ព្យុះស៊ីក្លូន Fani ត្រូវបានគេរំពឹងថា អាចនឹងធ្វើដំណើរបន្តឆ្ពោះទៅកាន់​ប្រទេសបង់ក្លាដែស បន្ទាប់ពីវាវាយប្រហារលើរដ្ឋ West Bengal ខណៈអាជ្ញាធរបង់ក្លាដែស ក៏បានចេញសេចក្តីព្រមានរួចរាល់ហើយផងដែរ។ ដោយឡែកអាជ្ញាធរឥណ្ឌាវិញបានអះអាងថា នេះជាព្យុះស៊ីក្លូនដែលមានកម្លាំងខ្លាំងបំផុត មិនធ្លាប់វាយប្រហារលើប្រទេសឥណ្ឌានោះឡើយ ក្នុងរយៈពេល២០ឆ្នាំមកនេះ៕















Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម