ក្រុមអ្នកវិទ្យាសាស្ត្រកំពុងជម្រុញអង្គការ NASA ឲ្យបង្កើនការចាយវាយលើកិច្ចការពារផែនដី

(អាមេរិក)៖ ក្រុមអ្នកវិទ្យាសាស្រ្តបានធ្វើការបញ្ចុះបញ្ចូល ទីភ្នាក់ងារអវកាសអាមេរិក NASA ឲ្យបង្កើតបេសកកម្មថែមទៀត ទាក់ទិននឹងផ្នែកការពារភពផែនដីពីវត្ថុអវកាស។ នេះបើតាមការដកស្រង់ការផ្សាយចេញពី វែបសាយព័ត៌មាន Space នៅថ្ងៃចន្ទ ទី០៦ ខែឧសភា ឆ្នាំ២០១៩។

នាឱកាសនៃការចូលរួមបង្ហាញវត្តមានរបស់ប្រធានអង្គការ NASA លោក ជីម ប្រៃដិនស្តាញ (Jim Bridenstine) ក្នុងសិក្ខាសាលាស្តីពីកិច្ចប្រឹងប្រែងការ ពារភពផែនដីពីអាចម៍ផ្កាយ ដែលប្រព្រឹត្តទៅនៅទីក្រុង ខូលីជផាក (College Park) រដ្ឋ ម៉ារីឡេនដ៍ (Maryland) សហរដ្ឋអាមេរិកកាលពីសប្តាហ៍មុន ក្រុមអ្នកវិទ្យាសាស្រ្ត បានជំរុញឲ្យលោកផ្តល់មូលនិធិសម្រាប់បេសកកម្មថ្មីៗថែមទៀត ទាក់ទងកិច្ចការងាររុករកក៏ដូចជាស្រាវជ្រាវអាចម៍ផ្កាយ ដែលនៅក្បែរៗភពរបស់យើង។

គួរជម្រាបថា ក្រុមអ្នកវិទ្យាសាស្រ្តទាំងនោះ បានស្នើឲ្យមានការអភិវឌ្ឍកែវយឺតអវកាសមួយ ដែលរចនាឡើងជាពិសេសសម្រាប់ អង្កេតមើលអាចម៍ផ្កាយធំៗល្មម នៅក្បែរផែនដីដែលអាចមានលទ្ធផលបង្កគ្រោះថ្នាក់ដល់ផែនដី។ ក្រៅពីនេះ ក៏មានការជំរុញឲ្យ មានបេសកកម្មសម្រាប់ត្រៀមទៅសិក្សាអាចម៍ផ្កាយ អាផូភីស (Apophis) ដែលនឹងហោះមកកៀកផែនដីខ្លាំង នៅខែមេសា ឆ្នាំ២០២៩ ផងដែរ។

យ៉ាងណាមិញ នៅឆ្នាំ២០២១ បើតាមការគ្រោងទុកទីភ្នាក់ងារអវកាស NASA នឹងចេញបេសកកម្មមួយឈ្មោះថា Double Asteroid Redirection Test ហៅកាត់ DART ដើម្បីឲ្យស្ទាក់អាចម៍ផ្កាយមួយប្រភេទ NEO (នៅជិតផែនដី) ក្រោមការធ្វើតេស្តវិធីសាស្រ្តមួយ អាចនឹងត្រូវយកទៅប្រើប្រាស់ ដើម្បីបង្វែរទិសដុំថ្មអវកាស ដែលអាចបង្កការគំរាមកំហែងដល់ភពរបស់យើង៕







Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម