លោក ដូណាល់ ត្រាំ មិនដំឡើងពន្ធលើទំនិញចិនបន្ថែមទៀតឡើយ ខណៈលោក ស៊ី ជិនពីង ចង់ឲ្យភាគីទាំងពីរឈប់ធ្លាក់ចូលរណ្តៅនៃបញ្ហា

(អូសាកា)៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង និងសមភាគីអាមេរិកលោក ដូណាល់ ត្រាំ នៅថ្ងៃសៅរ៍បានព្រមព្រៀងគ្នាក្នុងការចាប់ផ្ដើមកិច្ចចរចា និងពិគ្រោះយោបល់លើវិវាទពាណិជ្ជកម្មរវាងប្រទេសទាំងពីរឡើងវិញ ដោយឈរមូលដ្ឋានស្មើភាព និងគោរពគ្នាទៅវិញទៅមក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី២៩ ខែមិថុនា ឆ្នាំ២០១៩។

យោងតាមស៊ីនហួរភាគីអាមេរិកបានសន្យាថា ខ្លួននឹងមិនដំឡើងពន្ធបន្ថែមលើចិននោះទេ រីឯក្រុមកិច្ចចរចាពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ នឹងត្រូវពិភាក្សាគ្នាលម្អិតពីបញ្ហានេះ។ ដោយឡែកលោក ស៊ី ជិនពីង ក៏បានបង្ហាញគំនិតសុដ្ឋិនិយមផងដែរជាមួយការបញ្ជាក់ច្បាស់លាស់ថា ប្រទេសចិន និងសហរដ្ឋអាមេរិក មិនគួរផុងខ្លួននៅក្នុងរណ្ដៅនៃការប្រឈមមុខដាក់គ្នា ហើយយល់ល្អគួរតែបន្តកិច្ចសន្ទនាស្វែងរកដំណោះស្រាយ ពីព្រោះវាជាផ្លូវតែមួយគត់ ដែលអាចផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមកបាន។

គួរបញ្ជាក់ថា ការព្រមព្រៀងខាងលើរវាងលោក ដូណាល់ ត្រាំ និងលោក ស៊ី ជិនពីង ធ្វើឡើង នៅកំឡុងជំនួបរវាងមេដឹកនាំទាំង ២ នាឱកាសចូលរួមកិច្ចប្រជុំកំពូល G20 ក្នុងទីក្រុងអូសាកា ប្រទេសជប៉ុន។ ដោយឡែកបញ្ហាកោះតៃវ៉ាន់វិញ ក៏ស្ថិតនៅក្នុងកិច្ចពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ រវាងមហាយក្សទាំងពីរផងដែរ ខណៈលោក ស៊ី ជិនពីង បានពន្យល់អំពីក្តីកង្វល់ធំៗរបស់ចិន​ទៅលើបញ្ហាតៃវ៉ាន់ ហើយជាការឆ្លើយតបអាមេរិកក៏បានទទួលយកនូវការលើកឡើងរបស់ចិន។ លោក ត្រាំ បានអះអាងថា សហរដ្ឋអាមេរិកនៅតែបន្តអនុវត្តន៍តាម គោលនយោបាយចិនតែមួយដដែល (តៃវ៉ាន់គ្រាន់តែជាខេត្តមួយរបស់ចិន)៕







Comments

Popular posts from this blog

ធនាគារជាតិនៃកម្ពុជា៖ អ្នកដាក់ប្រាក់ញ្ញើមានជាង៦លាននាក់ ខណៈអ្នកខ្ចីប្រាក់មាន២.៨៥លាននាក់ ក្នុងឆ្នាំ២០១៨

ប្រធានគណបក្សប្រជាជនខេត្តព្រះវិហារ ជំរុញឲ្យប្រធានក្រុមបក្សតាមមូលដ្ឋានទាំងអស់ ត្រូវរួមសហការជាមួយមន្ត្រីជំនាញ ដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ ឲ្យបានទាន់វេលា

កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ «កិច្ចសហប្រតិបត្តិការទីផ្សារ មូលធនក្នុងតំបន់ទន្លេមេគង្គ» !