ប្អូនស្រីលោក គីម ជុងអ៊ុន មកដល់កូរ៉េខាងត្បូង និងដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធអតីតស្ត្រីទី១កូរ៉េខាងត្បូង

(សេអ៊ូល)៖ ការចូលរួមគោរពវិញ្ញាណក្ខន្ធអតីតជំទាវទីមួយកូរ៉េខាងត្បូង លោកស្រី លី ហ៊ីហូ (Lee Hee-ho) ដោយប្អូនស្រីមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន គឺអ្នកនាង គីម យ៉ូចុង (Kim Yo Jong) ទំនងជាមិនអាចធ្វើឱ្យកិច្ចចរចាអន្តរកូរ៉េ កើតឡើងជាថ្មីក្នុងពេលឆាប់ៗខាងមុខនេះទេ។ នេះបើតាមលោក ហិនរី ហ្វែរ៉ុន (Henri Feron) ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែមិថុនា ឆ្នាំ២០១៩។

លោកស្រី លី ហ៊ីហូ (Lee Hee-ho) ដែលជាអតីតជំទាវមួយ និងជាភរិយារបស់អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក គីម ដេជុង (ទទួលមរណភាពនៅឆ្នាំ២០០០) បានទទួលមរណភាពកាលពីចន្ទកន្លងទៅក្នុងវ័យ ៩៦ឆ្នាំ ដោយសារជំងឺមហារីកថ្លើម។ ដោយឡែកអ្នកនាង គីម យ៉ូចុង បានចូលរួមដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ លោកស្រី លី ហ៊ីហូ កាលពីល្ងាចថ្ងៃពុធនៅឯតំបន់ព្រំដែនគ្មានយោធារវាងប្រទេសកូរ៉េទាំង ២ ហើយមិនតែប៉ុណ្ណោះ អ្នកនាងក៏បានប្រាប់ក្រុមមន្ត្រីកូរ៉េខាងត្បូងដែរថា លោកស្រី លី គឺជាមនុស្ស ជាទីគោរពស្រឡាញ់សម្រាប់លោក គីម ជុងអ៊ុន។

តែទោះជាយ៉ាងនេះក្ដី លោក Henri Feron ជាអ្នកជំនាញម្នាក់មកពីមជ្ឈមណ្ឌលសម្រាប់ គោលនយោបាយអន្តរជាតិ (Center for International Policy) យល់ថា ការចូលរួមគោរពវិញ្ញាណក្ខន្ធអតីតស្ត្រីទីមួយកូរ៉េខាងត្បូង ដោយអ្នកនាង គីម យ៉ូចុង ទំនងជាមិនអាចធ្វើឱ្យកិច្ចចរចាអន្តរកូរ៉េ កើតឡើងជាថ្មីក្នុងពេលឆាប់ៗខាងមុខនេះទេ បើទោះបីជាអ្នកវិភាគខ្លះមើលឃើញថា វត្តមានអ្នកនាង គីម នាឱកាសនេះអាចក្លាយជាការ ធ្វើឲ្យប្រសើរឡើងវិញនូវកិច្ចចរចារវាងបងប្អូនទាំងពីរក៏ដោយ។

ដ្បិតនេះគ្រាន់តែជាសកម្មភាពឆ្លើយតបទៅនឹងអតីតកាលប៉ុណ្ណោះ ពោលគឺកាលពីចុងឆ្នាំ២០១១ ក្រោយពេលលោក គីម ជុងអ៊ីល (ឪពុកលោក គីម ជុងអ៊ុន) ទទួលមរណភាព លោកស្រី លី និងក្រុម គ្រួសារគឺជាប្រតិភូតំណាងកូរ៉េខាងត្បូងតែមួយគត់ ដែលបានចូលទៅសម្តែងមរណទុក្ខដល់រដ្ឋធានីព្យុងយ៉ាង ទាំងដែលលោកស្រី កាលណោះមានសុខភាពទ្រុឌទ្រោមខ្លាំងណាស់ទៅហើយ៕







Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម