ក្រុមបាតុករមួយចំនួននៅហុងកុង បន្តរក្សាវត្តមានតាមដងផ្លូវសំខាន់ៗដដែល បើទោះបីរដ្ឋបាលទីក្រុង សម្រេចផ្អាកការអនុម័តច្បាប់ក៏ដោយ

(ហុងកុង)៖ ក្រុមបាតុករមួយចំនួនដែលមិនព្រមទទួលយក ការសម្រេចចិត្តផ្អាកការអនុម័តលើច្បាប់ធ្វើបត្យាប័នជនសង្ស័យ (ក្នុងករណីប្រព្រឹត្តបទល្មើស) ទៅកាន់ចិនដីគោក នៅតែបន្តគ្រប់គ្រងផ្លូវសំខាន់ៗជាច្រើននៅក្នុងទីក្រុងហុងកុងនៅថ្ងៃចន្ទនេះ ដោយសារតែពួកគេមួយចំនួន នៅតែមិនទុកចិត្តចំពោះការសម្រេចចិត្តខាងលើនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី១៧ ខែមិថុនា ឆ្នាំ២០១៩។

បច្ចុប្បន្នក្រុមបាតុករខាងលើ មិនមែនត្រឹមតែទាមទារឱ្យលុបចោលច្បាប់ធ្វើបត្យាប័នតែប៉ុណ្ណោះទេ តែពួកគេក៏ស្នើផងដែរឱ្យនាយកប្រតិបត្តិទីក្រុងហុងកុង លោកស្រី ខារី ឡាំ (Carrie Lam) លាលែងចេញពីតំណែង។ ការអំពាវនាវថ្មីនេះ ធ្វើឡើងនៅក្នុងបាតុកម្មតវ៉ាមួយកាលពីថ្ងៃអាទិត្យ ដែលត្រូវបានគេអះអាងថា មានមនុស្សដល់ទៅជាង២លាននាក់បានចូលរួម ខណៈប៉ូលិសហុងកុងបានវាយតម្លៃថា មនុស្សក្នុងចំនួនប្រមាណតែ ៣៣៨,០០០នាក់ប៉ុណ្ណោះ មានវត្តមាននៅក្នុងបាតុកម្មតវ៉ាដ៏ធំនេះ។

គួរបញ្ជាក់ថា ក្រោយមានបាតុកម្មតវ៉ាជាបន្តបន្ទាប់មេដឹកនាំក្រុងហុងកុង លោកស្រី Carrie Lam បានប្រកាសផ្អាកពីការជជែកដេញដោល លើការអនុម័តច្បាប់ធ្វើបត្យាប័នជនសង្ស័យទៅកាន់ ចិនដីគោកដែលក្រុមអ្នកតវ៉ាចាត់ទុកថា នឹងបំផ្លាញដល់ស្វ័យភាពរបស់ក្រុងហុងកុង។ ទោះបីជាបែបនេះក្តីបាតុករមួយចំនួនបានប្រកូកប្រកាសថា ការផ្អាកនេះអាចគ្រាន់តែជាការ បញ្ឆោតមួយប៉ុណ្ណោះ ហើយបើសិនជាពួកគេបញ្ឈប់ការតវ៉ាត្រឹមនេះ នោះការអនុម័តច្បាប់ខាងលើនឹងអាចកើតឡើងវិញភ្លាមៗ ដូច្នេះពួកគេមួយចំនួននៅតែបន្ត រក្សាវត្តមានតាមដងផ្លូវដដែល៕











Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម