រដ្ឋាភិបាលអ៊ីរ៉ង់៖ «មនុស្សជិតស្និទ្ធលោក ដូណាល់ ត្រាំ ពីររូបគឺជាជនស្រេកឃ្លានសង្គ្រាម ដែលចង់ឲ្យតែសង្គ្រាមផ្ទុះឡើងប៉ុណ្ណោះ»

(តេហេរ៉ង់)៖ រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក ម៉ូហាំម៉េដ ហ្សាវ៉់ាដ ហ្សារីហ្វ (Mohammad Javad Zarif) បាននិយាយថា ក្រុមអ្នកនយោបាយដែលស្និទ្ធនឹងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងនោះរួមមានមន្រ្តីរបស់លោកគឺ ចន បូលតុន (John Bolton) ដែលជាទីប្រឹក្សាសន្តិសុខជាតិ ព្រមទាំងនាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ (Benjamin Netanyahu) គឺសុទ្ធតែជាបុគ្គលស្រេកឃ្លានចង់ឲ្យតែសង្រ្គាមកើតឡើងប៉ុណ្ណោះ ជាជាងការព្យាយាមស្វះស្វែង រកដំណោះស្រាយតាមការទូត។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នាព្រឹកថ្ងៃអង្គារ ទី២៥ ខែមិថុនា ឆ្នាំ២០១៩។

លោក Zarif បានលើកឡើងបែបនេះបន្ទាប់ពីលោក ដូណាល់ ត្រាំ បានចេញបទបញ្ជាឲ្យដាក់ទណ្ឌកម្មថ្មីថែមទៀត លើមេដឹកនាំកំពូលរបស់អ៊ីរ៉ង់លោក អាយ៉ាតូលឡាហ៍ អាលី ខាមេនៃ (Ayatollah Ali Khamenei) និងមន្រ្តីជាន់ខ្ពស់អ៊ីរ៉ង់ដទៃទៀត រួមមានទាំងលោក Zarif ផ្ទាល់ផងដែរកាលពីថ្ងៃចន្ទដើម្បីសប្តាហ៍ថ្មីនេះ។ វាត្រូវបានរដ្ឋបាលលោក ត្រាំ បញ្ជាក់ថាជាការឆ្លើយតប ចំពោះទង្វើរបស់ទីក្រុងតេហេរ៉ង់ ដែលបានបាញ់ទម្លាក់យន្តហោះដ្រូនយោធាអាមេរិក កាលពីសប្តាហ៍មុន។

គួរជម្រាបថា កន្លងមកនេះលោក Zarif ក៏ធ្លាប់បាននិយាយដែរថា «បុគ្គលក្រុម B» ដែលរួមមានលោក Bolton និង លោក Netanyahu ជាដើមអាចនឹងអូសទាញលោក ត្រាំ ឲ្យធ្លាក់ចូលក្នុងសង្រ្គាមជាមួយអ៊ីរ៉ង់ ខណៈលោក ដូណាល់ ត្រាំ និងរដ្ឋមន្ត្រីការបរទេស អាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ ត្រូវបានគេមើលឃើញថា កំពុងព្យាយាមស្វះស្វែងរកផ្លូវការទូត និងព្យាយាមអូសទាញអ៊ីរ៉ង់ចូលមកតុចរចាគ្នាជាថ្មី៕









Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម